ភ្នំពេញ៖ លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថា ព្រះហស្តទាំងពីរ ដែលព្រះហស្តស្ដាំនៃរូបព្រះបាទជ័យវម៌្ម ទី៧ រកឃើញក្នុងឆ្នាំ១៩៩០ និងដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ជារបស់ព្រះបាទជ័យវម៌្មទី៧ ។
យោងតាមហ្វេសប៊ុកសារមន្ទីរជាតិនៃកម្ពុជា នាថ្ងៃទី២៨ មករានេះ បានឲ្យដឹងថា បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុក នៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១ ។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញ តាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩ ។
កំណត់សម្គាល់៖ បំណែកព្រះហស្តស្តាំនៃរូបព្រះបាទជ័យវម៌្មទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០ ។ ដោយឡែក បំណែកកំណាត់ ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិតមីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះ ជាបំណែកព្រះហស្ដ របស់ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយក មកសាកល្បងតភ្ជាប់ជាមួយ រូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។
សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថាបំណែកដៃទាំងពីរពិតជា របស់ព្រះបាទជ័យវម៌្មទី៧ ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់ នោះត្រួតស៊ីគ្នាល្អស្ទើរ១០០%។
បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផល នៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែក ព្រះហស្ដទាំងពីរនេះមករក្សាទុក នៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹង រូបរបស់ព្រះអង្គផ្ទាល់។ លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាងនិងអភិរក្សថ្ម និងសាលាបារាំងចុងបូព៌ា (EFEO) បានសាកល្បងយក ព្រះហស្ដទាំងពីរនេះមកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក និងធ្វើការអង្កេតវាយតម្លៃ ពិភាក្សាដើម្បីរកបច្ចេកទេស ក្នុងការតភ្ជាប់ព្រះហស្ដទាំងពីរនាពេលអនាគត។
គោលបំណងនៃការអភិរក្ស និងជួសជុលនេះ ប្រយោជន៍លើកតម្កើងកិត្យានុភាព និងរំឮកគុណូប ការពុំអាចកាត់ថ្លៃបាន របស់ព្រះមហាវីរក្សត្រនាសម័យអង្គរ ដែលបានបូជាកម្លាំងកាយចិត្តសម្រាប់ ការពារកម្ពុជទេសនៃយើង ៕