ប៉េកាំង៖ ទាក់ទិននឹងការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា អាទិភាពសំខាន់ គឺត្រូវធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ហើយអំពាវនាវឱ្យភាគីទាំងអស់ ជាពិសេសអ៊ីស្រាអែល បង្ហាញភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ជាលំដាប់ ដើម្បីការពារស្ថានការណ៍ មិនអោយរំកិលចេញពីការគ្រប់គ្រង។
អ្នកនាំពាក្យបានធ្វើការលើកឡើងនេះជាការឆ្លើយតបទៅនឹងការសាកសួរអ្នកសារព័ត៌មាន។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ភាពតានតឹងបានកើនឡើងនាពេលថ្មីៗនេះ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជាមួយនឹងអំពើហិង្សា និងជម្លោះកើនឡើង។
កាលពីថ្ងៃទី២៦ ខែមករា កងកម្លាំងអ៊ីស្រាអែលបានប៉ះទង្គិចជាមួយប៉ាឡេស្ទីនខណៈពេលកំពុងធ្វើការវាយឆ្មក់នៅក្នុងទីក្រុង Jenin នៃតំបន់ West Bank បណ្តាលឲ្យជនជាតិប៉ាឡេស្ទីនជាង ១០នាក់បានស្លាប់។ កាលពីថ្ងៃទី២៧ ខែមករា ការវាយប្រហារដោយភេរវករនៅទីតាំងសាសនាមួយក្នុងទីក្រុងយេរ៉ូសាឡឹមខាងកើត បណ្តាលឲ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត។
អ្នកនាំពាក្យបានលើកឡើងថា “យើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់ និងរបួសរបស់ជនស៊ីវិលដែលបង្កឡើងដោយជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល” ដោយកត់សម្គាល់ថាប្រទេសចិន បានតាមដានយ៉ាងដិតដល់នូវភាពតានតឹងនាពេលថ្មីៗនេះ។
អ្នកនាំពាក្យបានបន្ថែមថា “យើងថ្កោលទោសរាល់ការវាយប្រហារភេរវករដែលសំដៅទៅលើជនស៊ីវិល និងប្រឆាំងនឹងការប្រើប្រាស់កម្លាំងហួសហេតុ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បាននិងកំពុងកើតឡើងម្តងទៀតជាមូលដ្ឋាន ដោយសារតែដំណោះស្រាយរដ្ឋទាំងពីរមិនត្រូវបានផ្តល់ឱ្យ ហើយប្រជាជនប៉ាឡេស្ទីន ត្រូវបានបដិសេធជាយូរមកហើយនូវសេចក្តីប្រាថ្នាស្របច្បាប់របស់ពួកគេក្នុងការបង្កើតរដ្ឋឯករាជ្យ៕
ប្រែសម្រួល ឈូក បូរ៉ា