ព័ត៌មានអន្តរជាតិ

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ប្រទេសចិន នឹងជំរុញការបើកចំហកម្រិតខ្ពស់ ដើម្បីធ្វើឱ្យការធ្វើពាណិជ្ជកម្ម បរទេស កាន់តែងាយស្រួល កាន់តែរលូន និងទទួលបានផល ប្រយោជន៍កាន់តែច្រើន

ថ្លែងក្នុងសន្និសីទ សារព័ត៌មាន របស់ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន កាលពីថ្ងៃទី២ ខែកុម្ភៈ អ្នកទទួលខុសត្រូវ ពាក់ព័ន្ធ នៃក្រសួងពាណិជ្ជកម្មចិន បានណែនាំអំពីស្ថានភាព នៃការងារពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ ។ លោកស្រី Guo Tingting អនុរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មចិន បានថ្លែងថា ទំហំពាណិជ្ជកម្មអន្តរជាតិ របស់ចិននៅឆ្នាំ ២០២២បានបង្កើត កំណត់ត្រាខ្ពស់ថ្មី ថែមទៀតក្នុងប្រវត្តិសាស្ត្រ ពោលគឺ ទំហំនៃការនាំចេញ នាំចូលទំនិញបានលើសពី ៤០ ទី្រលានយាន់ប្រាក់ចិន គឺបានឡើងដល់ ៤២.១ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៧.៧% ។

លោក Li Xingqian ប្រធាននាយកដ្ឋាន ពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា នៅឆ្នាំ ២០២៣ ប្រទេសចិននឹងធ្វើកិច្ចខិតខំ ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលំនឹង ទំហំពាណិជ្ជកម្មបរទេសនិង កែសម្រួលរចនាសម្ព័ន្ធពាក់ព័ន្ធ ក៏ដូចជាលំនឹងតួនាទីទ្រទ្រង់នៃ ការនាំចេញនៅក្នុង សេដ្ឋកិច្ចជាតិផងដែរ ។ លើសពីនេះទៅទៀត ប្រទេសចិននឹងជំរុញ ការបើកចំហកម្រិតខ្ពស់ ដើម្បីធ្វើឱ្យការ ធ្វើពាណិជ្ជកម្មបរទេស កាន់តែងាយស្រួល កាន់តែរលូន និងទទួលបានផលប្រយោជន៍កាន់តែច្រើន ដោយផ្តោតសំខាន់ លើការអនុវត្តវិធានការចំនួន៤៖ ទី១ ពង្រឹងការជំរុញពាណិជ្ជកម្ម ។ ទី២ បង្កើនការនាំចូលដោយសមហេតុផល ។ ទី៣ ធ្វើឱ្យស៊ីជម្រៅនូវការច្នៃប្រឌិត ថ្មីផ្នែកពាណិជ្ជកម្ម ។ ទី៤ លំនឹងមូលដ្ឋានឧស្សាហកម្ម ពាណិជ្ជកម្មបរទេស៕

To Top