បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាគម្រោងឯកជន មួយកំពុងស្វែងរកការ អនុញ្ញាតិឲ្យអាចបញ្ជូន ក្រុមអ្នកជំនាញផ្នែកសង្គ្រាម របស់អាមេរិកចន្លោះពី១០០ទៅ២០០នាក់ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយជួសជុលអាវុធ នៅក្នុងតំបន់សមរភូមិ។
The Politico ក៏បាចេញផ្សាយដែរថា មន្ត្រីអតីតយោធាអាមេរិក ជាច្រើននាក់ ព្រមទាំងក្រុមហ៊ុនឯកជន បែបយោធាជាច្រើនកំពុង នាំគ្នារ៉ៃអង្គាសថវិកាមួយចំនួនធំ ដើម្បីយកទៅជួយផ្គត់ផ្គង់ ក្រុមអ្នកជំនាញផ្នែកកិច្ចការងារ ជួសជុលអាវុធយុទ្ធភណ្ឌ របស់លោលខាងលិច ដែលកំពុងបំពេញការងារ នៅតំបន់សមរភូមិជួរមុខ របស់អ៊ុយក្រែន។
ប្រភពដដែល បានបញ្ជាក់ទៀតថា គម្រោងដែល ត្រូវបានហៅឈ្មោះថា Trident Support នឹងត្រូវបើក ឲ្យដំណើរការ នៅក្នុងខែមិនា ខាងមុខនេះហើយក្នុងនោះ ក៏មានការជ្រើសរើសបុគ្គលិក អ្នកជំនាញចន្លោះពី១០០ទៅ២០០នាក់ផងដែរ ដើម្បីធ្វើដំណើរទៅជួយអ៊ុយក្រែន។
គួរឲ្យដឹងដែរថាគម្រោ Trident Support ដែលត្រូវបានគេជឿជាក់ថា ស្ថិតនៅពីក្រោយដោយក្រុមហ៊ុនឯកជនមួយ ដែលសុំមិនបញ្ចេញឈ្មោះតែ Politico បានដឹងថា គឺជាក្រុមហ៊ុនអ្នកជំនាញអាវុធ និងមានបំណងចង់ផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងគ្រឿងបន្លាស់និងបច្ចេកទេស ជួសជុលបែបលឿន និងរហ័សផងដែរ៕
ប្រែសម្រួល៖ស៊ុនលី