Feature

សម្តេចធិបតី សម្រេចឱ្យរក្សាទុកកំណើនភាគលាភ នៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀសទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភ នៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀសទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត ថា «ក្រោយពីត្រឡប់មកពីប្រជុំនៅសហព័ន្ធរុស្សី ខ្ញុំបានឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ»។ 

ក្នុងដំណើរកម្សាន្តនោះ សម្ដេចធិបតី ក៏បានជួបជជែកលេងជាមួយបងប្អូនតំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធជាមួយនឹងការបែងចែកភាគលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរនិងសហគមន៍។

 ជាក់ស្ដែង ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈិមបូព៌ាដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលបានសម្រេចឱ្យដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

ឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និងក្រោយពីបានពិភាក្សាជាមួយឯកឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គរ សម្ដេច នាយករដ្ឋមន្ដ្រី ថា «ខ្ញុំបានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍»។ 

អ្វីជាការស្នើសុំរបស់ សម្ដេច គឺ សូមសហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរណ៍ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនោះ៕

To Top