បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងថា “ការឯកភាពគ្នា” ត្រូវបានឈានដល់ជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ដែលទីក្រុងគៀវនឹងមិនប្រើប្រាស់អាវុធ របស់លោកខាងលិច រួមទាំងរថក្រោះ Leopard អាល្លឺម៉ង់ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។ ទោះជាយ៉ាងនេះក្តី លោកខាងលិចនៅតែចាត់ទុកតំបន់គ្រីមៀ និងតំបន់រុស្ស៊ីថ្មីចំនួនបួនទៀត ជាផ្នែកនៃអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Bild am Sonntag ដែលបានចុះផ្សាយ កាលពីយប់ថ្ងៃសៅរ៍ អធិការបតី Scholz ជាថ្មីម្តងទៀតបានដាក់ការស្តីបន្ទោស ទាំងអស់ចំពោះជម្លោះលើទីក្រុងមូស្គូ ដោយលើកហេតុផលថា “ការឈ្លានពានដោយមិនញញើត” របស់រុស្ស៊ីបានបង្ហាញពី ភាពត្រឹមត្រូវនៃអន្តរាគមន៍ របស់សមូហភាពលោកខាងលិច ជាមួយនឹងជំនួយយោធា ដើម្បីការពារសណ្តាប់ធ្នាប់ “សន្តិភាពអឺរ៉ុប។
លោក Scholz បានអះអាងថា “ការរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង យើងកំពុងផ្តល់រថក្រោះ ប្រយុទ្ធដល់អ៊ុយក្រែន ដើម្បីអោយពួកគេអាចការពារខ្លួនបាន” ។ លោកបានបន្ថែមថា ទីក្រុងប៊ែរឡាំង «បានថ្លឹងថ្លែងដោយប្រុងប្រយ័ត្ន រាល់ការដឹកជញ្ជូនអាវុធ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ… ជាដំបូង និងសំខាន់បំផុតជាមួយអាមេរិក»។
លោក Scholz បានសន្យាថា នឹងបញ្ជូនរថក្រោះ Leopard 2A6 ចំនួន ១៤ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ពីស្តុកផ្ទាល់ខ្លួនរបស់កងកម្លាំង Bundeswehr កាលពីខែមុន បន្ទាប់ពីសហរដ្ឋអាមេរិក បានសន្យាថាននឹងបញ្ជូនរថក្រោះ M1 Abrams ផ្ទាល់ខ្លួនមួយចំនួននៅចុងឆ្នាំនេះដែរ។
នៅក្នុងបទសម្ភាសន៍ មេដឹកនាំអាល្លឺម៉ង់បានច្រានចោល រាល់ការព្រួយបារម្ភអំពី អាវុធរបស់ប្រទេសរបស់លោក ដែលត្រូវបានប្រើប្រាស់ម្តងទៀត ប្រឆាំងនឹងទាហានរុស្ស៊ីថា ជា “ការប្រៀបធៀបប្រវត្តិសាស្ត្រ ដែលមិនសមហេតុផល” ៕
ប្រែសម្រួលៈ ណៃ តុលា