អត្ថបទ

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា រៀបចំសិក្ខាសាលាបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣”

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជាធនាគារគោលនយោបាយ ដែលទទួលបានអាជ្ញាបណ្ណប្រតិបត្តិការធនាគារ ពីធនាគារជាតិ នៃ កម្ពុជា កាលពីឆ្នាំ២០២០ ហើយធនាគារនេះបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើម​ របស់រាជរដ្ឋាភិបាល និងមានបេសកកម្មផ្តល់ហិរញ្ញប្បទាន ប្រកបដោយលក្ខខណ្ឌអនុគ្រោះ ជូនដល់សហគ្រាសធុនតូច និង​មធ្យម ដែលស្ថិតនៅក្នុងវិស័យអាទិភាព។

ទន្ទឹមនេះ នារសៀលថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំ “សិក្ខាសាលាបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២​៣” នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារដែលធនាគារ​ សម្រេចបាន ចាប់តាំងពីការបង្កើត រហូត​មកដល់បច្ចុប្បន្ន ដោយផ្អែកតាមទិន្នន័យគិតត្រឹមថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២២ សមិទ្ធផលធំៗដែលធនាគារទទួលបានរួមមាន៖ ១. បានផ្តល់ឥណទានដោយផ្ទាល់ ជូនដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ២៣១ សហគ្រាស ដែលមានសហគ្រិន​ជាស្រ្តីចំនួន ៦២ សហគ្រាស និងសហគ្រិនជាបុរសចំនួន ១៦៩ សហគ្រាស ជាមួយទំហំទឹកប្រាក់ឥណទាន សរុបប្រមាណជា ៥៣,៤ លានដុល្លារអាមេរិក, ២. បានបញ្ចប់ដោយជោគជ័យ នូវគម្រោងសហហិរញ្ញប្បទានទ្រទ្រ​​ង់​ សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និង ទី២ ដែលបានផ្តល់ការគាំទ្រដល់ សហគ្រាសសរុបចំនួន ១ ៩៩២ ស្មើនឹងទំហំទឹកប្រាក់សរុប ២៤០ លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម, ៣. បាន និងកំពុងដំណើរការគម្រោង សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យ​ទេសចរណ៍ នូវចំនួនទឹកប្រាក់សរុប ១៥០ លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២២ បានផ្តល់ឥណទានទៅម្ចាស់អាជីវកម្ម ស្ថិតនៅក្នុងវិស័យទេសចរណ៍ចំនួន ២៩២ ដែលមានទំហំឥណទានសរុបប្រមាណជា ៤២ លានដុល្លារអាមេរិក, ៤. បាន និង​​កំពុងដាក់ឲ្យដំណើរការ សាខាថ្មីចំនួនពីរ គឺសាខាខេត្តបាត់ដំប​​​ង និងសាខាផ្សារថ្មី, ៥. បានអភិវឌ្ឍដៃគូអាជីវកម្មជាមួយនឹង សមាគមសហគ្រាស​ធុនតូច និងមធ្យម ចំនួន ១០​ ដើម្បី​ជំរុញការបញ្ចេញឥណទានដោយផ្ទាល់ ទៅអតិថិជនគោលដៅ, ៦. បានអភិវឌ្ឍផលិតផលឥណទាន ដោយផ្ទាល់ចំនួន​ពីរ​បន្ថែមទៀត គឺគម្រោងហិរញ្ញប្បទាន​​មិនមានទ្រព្យធានា (Unsecured Loan) និងឥណទានវិបារូ​បណ៍ (Overdra​ft Facility), ៧. បានអនុវត្តបន្ថែមមុខងារក្នុង ប្រព័ន្ធធនាគារស្នូលដូចជា៖ តភ្ជាប់ប្រព័ន្ធសេវាផ្ទេរប្រាក់រហ័សរបស់ ធនាគារជាតិ នៃ កម្ពុជា (​FAST 2.0) សម្រាប់​ ប្រាក់រៀល និងដុល្លារអាមេរិក ជាមួយ ២៧ ធនាគារសមាជិក, បន្ថែមមុខងារផ្ដល់​មូលប្បទានប័ត្រ​សាច់​ប្រាក់ (Banker Cheque), ការប្ដូរប្រាក់ជាដើម។ មិនតែប៉ុណ្ណោះ ធនាគារក៏បានបង្កើននូវចំនួនបុគ្គលិក ជាបន្តបន្ទាប់ដែលរហូតមកដល់ ដំណាច់ឆ្នាំ២០២២ មានចំនួនបុគ្គលិកសរុបចំនួន ១៣៦ នាក់។

ជាមួយនឹងសមិទ្ធផលដែលទទួលបានខាងលើ, ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្នុងនាមជាធនាគារគោលនយោបាយ នឹងបន្តឆន្ទៈក្នុងការស្វែងរក នូវយុទ្ធសាស្ត្រល្អៗ ដើម្បីបន្តបម្រើសេវាកម្មធនាគារប្រកប​ដោយ ប្រសិទ្ធភាពនិងគុណភាព ជូនដល់អតិថិជនដែលជាសហគ្រាស ធុនតូច និងមធ្យម, ជាពិសេសផ្ដោតលើសហគ្រាសក្នុង វិស័យកម្មន្តសាល និងកែច្នៃផលិតផលកសិកម្ម ដើម្បីជួយគាំទ្រដល់ការអនុវត្ត “ក្រប-ខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”។ ក្នុងន័យនេះ, ធនាគារនឹងផ្ដោតទៅលើ៖ ការបង្កើតសាខាបន្ថែមនៅតាមបណ្តាខេត្ត, ការអភិវឌ្ឍសេវាធនាគារឌីជីថល ដើម្បីអនុញ្ញាតឲ្យអតិថិជនមានលទ្ធភាព ធ្វើប្រតិបត្តិការធនាគារពីគ្រប់​ ទីកន្លែង និងគ្រប់ពេលវេលា, ការបង្កើនសមតុល្យ និងផលិតភាពឥណទាន និង ការអភិវឌ្ឍបណ្តាញចែកចាយ ដោយធ្វើ​កិច្ចសហការជាមួយដៃគូអាជីវកម្ម ដែលជួយឲ្យធនាគារអាចភ្ជាប់ ទំនាក់ទំនងទៅកាន់អតិថិជនបានរហ័ស និងងាយ​​ស្រួល ជាងមុន។

លើសពីនេះទៅទៀត សិក្ខាសាលានេះក៏ជាឱកាសមួយ ក្នុងការបង្កើ​​ននូវទំនាក់ទំនង ក៏ដូចជាបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ធនាគារដោយប្រកាន់នូវគោលជំហឯកភាព សាមគ្គីភាព និងជាពិសេសត្រូវបម្រើការងារប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងគណនេ​យ្យ​ភាព ដើម្បីឲ្យ​សម្រេចទៅតាមផែនការរួម ដែលធនាគារបានដាក់ចេញ ៕

To Top