ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចែកឯកសណ្ឋានថ្មី ដល់ប្រជាការពារជាង ៣០០នាក់ នៃសង្កាត់ទាំង ៤ ក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ នៅសាលាខេត្តកំពង់ចាម បានរៀបចំពិធីបំពាក់ឯកសណ្ឋានថ្មី និងសម្ភារៈការងារមួយចំនួន ជូនដល់ប្រជាការពារ ជាង ៣០៦ នាក់ នៃសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ។

ស្ថិតក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការងាររបស់ប្រជាការពារយើង អាជ្ញាធរខេត្ត ក៏ដូចជាក្រុមការងារចុះជួយខេត្ត បានសម្រេចផ្ដល់ជូន នូវឯកសណ្ឋានឱ្យបានស្អាត និងសម្ភារៈមួយចំនួនដើម្បីងាយស្រួសធ្វើការ ។ ដោយក្នុងនោះ សម្រាប់ប្រជាការពារ ១នាក់ បានសម្លៀកបំពាក់២កំប្លេ និងផ្ដល់ជូនវិទ្យុទាក់ទង ក្នុងមួយក្រុម ២គ្រឿង និងដំបងចរាចរណ៍ ២ និងសម្ភារៈមួយចំនួនទៀត ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ដល់សម្រាប់ធ្នាប់ ឬការរំខានណាមួយ នឹងត្រូវទប់ស្កាត់នៅបទល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ដែល ភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើង​ អាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាលនោះទេ ពោលគឺ កម្លាំងប្រជាការពារយើង អាចធ្វើកិច្ចសហការជាមួយនឹង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់កម្លាំងប្រជាការពារទាំងអស់ ប្រសិនបើមានហេតុការណ៍ ដូចជាអំពើចោរកម្ម ល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រឿងញៀន ឬបញ្ហាក្មេងទំនើងជាដើម ត្រូវប្រញាប់រាយការណ៍ មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ឬមេភូមិ ចៅសង្កាត់ ដើម្បីសហការគ្នា ដើម្បីធ្វើការឈានធ្វើការបង្ក្រាប រាល់បទល្មើសទាំងនោះ បានទាន់ពេលវេលា ៕

To Top