ព័ត៌មានជាតិ

សម្ដេចតេជោ​ ប្រាប់មិត្តចិនថា​ មិនស្រឡាញ់គ្នាតែពេលសប្បាយគឺត្រូវ យកអាសាគ្នាពេលមានទុក្ខ

ភ្នំពេញ​ ៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់សភាតំណាងប្រជាជនចិនថា​ មិនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសាគ្នាក្នុងពេលមានទុក្ខលំបាកដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន លេីកឡេីងបែបនេះ​ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លី ជានស៊ូ (Li Zhanshu) ប្រធានសភាតំណាងប្រជាជនចិន​ នាថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ក្នុងឱកាស​ សម្ដេចតេជោ​ កំពុងទស្សនកិច្ច​ នៅប្រទេសចិន។

ក្នុងជំនួបនោះ លោក លី ជានស៊ូ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់រដ្ឋធានីប៉េកាំង ដែលជាភ្ញៀវទី១របស់ពិភពលោក មកាន់ប្រទេសចិន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនបានបញ្ចប់ទៅ កាលពីពេលថ្មីៗកន្លងទៅ។

ជាការឆ្លេីយតប​ សម្តេចតេជោ​ មានប្រសាសន៍ថា កាលពី៣ឆ្នាំមុន​ គឺនៅថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២០ សម្តេចបាន បំពេញទស្សនកិច្ចរដ្ឋធានីប៉េកាំង ស្របពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងខ្លាំង ក្នុងប្រទេសចិន។

សម្តេចតេជោ​ អញ្ជើញទៅកាន់ប្រទេសចិននៅពេលនោះ គឺដើម្បីគាំទ្រនិងជួយដល់ប្រជាជនចិន។ សម្ដេច​ ថា​ “ពោលគឺយើងមិនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសាគ្នាក្នុងពេលមានទុក្ខលំបាកដូចគ្នា និងម៉្យាងវិញទៀតគឺដើម្បីលើកទឹកចិត្តដល់ជនជាតិកម្ពុជា ពិសេសនិស្សិកម្ពុជាដែលសិក្សានៅប្រទេសចិន ឲ្យមានភាពកក់ក្តៅមិនរត់ចោលគ្នា”។

ក្នុងជំនួបសម្ដែងការគួរសមនោះដែរ សម្តេចតេជោ នាយករដ្ឋមន្ដ្រី​ ​និងលោកប្រធានសភាតំណាងប្រជាជនចិន បានឯកភាពគ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា ចិន ពិសេសការជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា ចិន ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕

To Top