ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជា នៅរសៀល ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីទិវានឹករលឹក ឆ្នាំ២០២៣ ក្រោមប្រធានបទ«ពិភពលោកយេីង អនាគតសុខសាន្តរបស់យេីង»បរិស្ថាន និងចីរភាព និងពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៥ នៅដឹព្រេមៀសែនធ័រ សែនសុខ ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ ដោយមានការអញ្ជើញចូលរួមសរុបប្រមាណជាង៦០០នាក់។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាបានបង្ហាញភាពជឿជាក់ថា ក្មួយកុមារី យុវតី សមាជិកាដែលចូលសមាគមកាយឫទ្ធិនារីកម្ពុជា នឹងមានឱកាសជាច្រើនដូចជា ការអភិវឌ្ឍសមត្ថភាព អភិវឌ្ឍបញ្ញា ស្មារតី មានក្តីសង្ឃឹម ការជឿជាក់លើខ្លួនឯង និងការទំនាក់ទំនងដ៏ល្អ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និង ពិភពលោកជាង ១៥០ ប្រទេស។ លោកស្រីអគ្គស្នងការ បានបង្ហាញមោទនភាព ដោយបញ្ជាក់ថាភាពជោគជ័យរបស់យើងមកដល់ថ្ងៃនេះ គឺមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារ សប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ស្មារតី និងសមាជិកា សមាជិកដែលបានចូលរួមសកម្មភាពយ៉ាងសកម្មនៅក្នុងសកម្មភាពសមាគម ក្នុងបុព្វហេតុអភិវឌ្ឍសមត្ថភាពកុមារី យុវតីក្លាយជាម្តាយដ៏ល្អ អ្នកអប់រំដ៏ល្អ និងផ្តល់នូវក្តីសង្ឃឹម និងអនាគតដ៏ល្អ។
លោកស្រី បានថ្លែងថា ជាកិត្តិយសណាស់ដែលសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា និងកាយឫទ្ធិនារីពិភពលោក ដែលតែងតែគាំទ្រ កោតសរសើរ និងលើកទឹកចិត្តចំពោះសកម្មកាយឫទ្ធិនារីកម្ពុជា។
សូមបញ្ជាក់ថានេះ គឺជាលើកទី៥ ហើយដែលសមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំកម្មវិធីទិវានឹករលឹក និងពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៥ ក្នុងនោះសមាជិកា-សមាជិកសច្ចាថ្មី មានចំនួន៤៣០នាក់ ដែលធ្វើឱ្យសមាគមមានសមាជិកសរុបទាំងអស់មានចំនួន១២៩៧នាក់៕