ព័ត៌មានជាតិ

អ៊ុយក្រែន អះអាងថា រុស្ស៊ីបាត់បង់រថក្រោះ រថពាសដែក និងយន្ដហោះជិត ៣០គ្រឿងត្រឹម ២៤ម៉ោង 

គៀវ៖ រុស្ស៊ីបានបាត់បង់រថក្រោះ និងរថពាសដែកជាងរាប់សិបគ្រឿងក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នេះបើយោងតាមការចេញផ្សាយដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

អគ្គសេនាធិការរបស់ប្រទេសអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូ បានបាត់បង់រថក្រោះ ១៣ គ្រឿង រថពាសដែក ១៤ គ្រឿង និងយន្តហោះរុស្ស៊ីមួយគ្រឿង ចាប់តាំងពីការធ្វើបច្ចុប្បន្នភាពមុនរបស់ខ្លួនកាលពីថ្ងៃសៅរ៍។ ប្រភព​បានឲ្យដឹង​ថា កងកម្លាំង​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី Su-25 ដែល​មាន​កៅអី​តែ​មួយ និង​ម៉ាស៊ីន​ភ្លោះ​យន្តហោះ​សម័យ​សូវៀត។

អគ្គសេនាធិការបានរាយការណ៍ថាទាហានរុស្ស៊ី ៩០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលដូចគ្នា ប៉ុន្តែមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

កាលពីថ្ងៃសុក្រ ក្រសួងការពារជាតិអង់គ្លេសបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបាន “បោះបង់ចោល” រថពាសដែកនៅជិតទីក្រុង Donetsk នៃទីក្រុង Vuhledar ដែលបានឃើញការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ក្រសួងការពារជាតិបានឲ្យដឹងទៀតថា បន្ទាប់ពីបានចាប់ផ្តើមការវាយលុកឡើងវិញជុំវិញគែមខាងលិចនៃទីក្រុង Vuhledar កាលពីចុងខែមុន “អង្គភាពដែលគ្មានបទពិសោធន៍” ដែលបញ្ជូនដោយបញ្ជាការយោធារបស់រុស្ស៊ី “ទំនងជាទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរជាពិសេស” ៕ប្រែសម្រួល ឈូក បូរ៉ា

To Top