បរទេស៖ ក្រសួងការបរទេសចិនបាននិយាយថា សហរដ្ឋអាមេរិកបានហោះហើរបាឡុង ចូលទៅក្នុងដែនអាកាសរបស់ខ្លួន ច្រើនជាង ១០ ដងកាលពីឆ្នាំមុន។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែកុម្ភៈ បានបាញ់ទម្លាក់ប៉េងប៉ោង បាឡុងចារកម្ម ដែលសង្ស័យពីលើដែនអាកាសរបស់ខ្លួន ដែលប្រទេសចិន បាននិយាយថា ជាបាឡុងស៊ីវិល។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែយ៉ាប់យ៉ឺន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនក៏បានបាញ់ទម្លាក់វត្ថុ មិនស្គាល់អត្តសញ្ញាណមួយចំនួនទៀតផងដែរ។
ដែលត្រូវបានចោទសួរកាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការរំលោភដែនអាកាសជាច្រើនដង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់ថា “វាមិនមែនជារឿងចម្លែកនោះទេ សម្រាប់សហរដ្ឋអាមេរិក ក្នុងការចូលដែនអាកាស នៃប្រទេសដទៃដោយខុសច្បាប់នោះ” ។
ចាប់តាំងពីឆ្នាំមុនមក បាឡុងរបស់អាមេរិកបានហោះហើរខុសច្បាប់ លើប្រទេសចិនច្រើនជាង ១០ដង ដោយគ្មានការយល់ព្រមពីអាជ្ញាធរចិន។
លោកបាននិយាយថា ទីក្រុងប៉េកាំងបានឆ្លើយតប នឹងការញុះញង់ក្នុងលក្ខណៈ “មានទំនួលខុសត្រូវនិងវិជ្ជាជីវៈ”៕ ប្រែសម្រួលៈ ណៃ តុលា