ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ ក្រោមជំនួយជប៉ុន តាមរយៈចៃកា ធ្វើឲ្យរាជធានីភ្នំពេញ កាត់បន្ថយការលិចលង់

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក្នុងជំនួបសម្ដែងការគួរសម ជាមួយលោក អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា ក្រោមជំនួយរបស់ជប៉ុន តាមរយៈអង្គការចៃកា (JICA) ធ្វើឲ្យរាជធានីភ្នំពេញ អាចកាត់បន្ថយបាន ការលិចលង់មួយចំណែក ។

លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាម ប្រជាពលរដ្ឋកម្ពុជា លោកពិតជាអរគុណ ជប៉ុនដែលបានផ្ដល់ជំនួយឥតសំណងដល់កម្ពុជា ជាមួយនឹងការផ្ដល់ជំនួយបច្ចេកទេសថែមទៀត។

លោក ឃួង ស្រេង បន្តថា តាមរយៈ ការមិនឲ្យកម្ពុជា សងបំណុល ដែលជំពាក់ដោយសង្គ្រាម ជាមួយនឹងការរួមចំណែក ស្វែងរកសន្តិភាព ឲ្យកម្ពុជារបស់ជប៉ុន ពិតបានធ្វើឲ្យទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំ និងស្អិតរមួតទ្វេឡើង។

លោក ឃួង ស្រេង មានប្រសាសន៍ថា ក្រោមជំនួយ របស់ប្រទេសជប៉ុន តាមរយៈចៃកា ធ្វើឲ្យរាជធានីភ្នំពេញ អាចកាត់បន្ថយបាននូវការ លិចលង់មួយចំណែក ដោយប្រជាពលរដ្ឋកម្ពុជា ពិតជាពេញចិត្តពេញថ្លើម ចំពោះការអភិវឌ្ឍរាជធានីភ្នំពេញ។

បន្ថែមពីនេះទៀត លោក ឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិសាស្រ្តរបស់កម្ពុជា ពិសេសក្នុងដំណាក់កាលដែលកម្ពុជាបានធ្លាក់ក្នុងរបបប៉ុលពត ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះដល់ចំណុចសូន្យ ប៉ុន្តែក្រោយពីរំដោះប្រទេសជាតិចេញពីរបបនេះ ដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេស ដ៏កំសត់មួយនេះ មានការអភិវឌ្ឍជាបន្តបន្ទាប់ និងបន្តរីកចំរើនមកដល់សព្វថ្ងៃ និងបានធ្វើឲ្យមានមុខមានមាត់ នៅលើឆាកអន្តរជាតិ។

លោក អូអ៊ិណូ អាត់ស៊ូហ្ស៊ី បានលើកឡើងថា ជប៉ុន-កម្ពុជា មានទំនាក់ទំនងការទូតជាមួយគ្នាប្រមាណ ៧០ឆ្នាំហើយ ។ ក្រៅពីទំនាក់ទំនង ការទូតល្អ ជាមួយគ្នា ជប៉ុនក៏ជាប្រទេសមួយដែលបានរួមចំណែក នាំមកនូវសន្តិភាព ជូនកម្ពុជាផងដែរ ។ លោកពិតជារីករាយ ចំពោះការអភិវឌ្ឍរីកចំរើន យ៉ាងឆាប់រហ័ស របស់រាជធានីភ្នំពេញ បើទោះបីកម្ពុជា ធ្លាប់បានធ្លាក់ក្នុងរបបខ្មែរក្រហម ដល់ចំណុចសូន្យយ៉ាងណាក្តី ។

លោកបន្តថា ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ មិនថានៅកម្ពុជា ឬនៅជប៉ុននោះទេ សេដ្ឋកិច្ចសុទ្ធតែធ្លាក់ចុះ តែពេលនេះកម្ពុជា ក្រោយពីបើកសេដ្ឋកិច្ចឲ្យដំណើរការ ជាប្រក្រតីឡើងវិញ បានងើបឡើងវិញ ក្នុងនោះការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក៏មានការងើបឡើងវិញ ។

លោកថា ជប៉ុន បានជួយរាជធានីភ្នំពេញ លើការដោះស្រាយបញ្ហាទឹកជំនន់ដែលគម្រោងនេះទទួលបានជោគជ័យ។ ដោយឡែក បញ្ហាចរាចរណ៍ ជប៉ុនសន្យាថា នឹងរួមចំណែកដោះស្រាយ ជាមួយនឹងរាជធានីភ្នំពេញធ្វើយ៉ាងណា ឲ្យបញ្ហាចរាចរណ៍អាចដោះស្រាយបាន។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចង់បន្តកិច្ចសហការជាមួយរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរថែមទៀត៕

To Top