នយោបាយ

សម្តេចតេជោ លើកទឹកចិត្ត ឲ្យកម្ពុជា-ឡាវ បន្តកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបន្ថែម

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តធ្វើយ៉ាងណាឲ្យភាគីកម្ពុជា-ឡាវ បន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ជាពិសេសជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរួមទាំងវិស័យអគ្គិសនី ។

នេះជាការលើកឡើង របស់សម្ដេចតេជោ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ខាំផាន់ ភុំម៉ាថាតសមាជិកការិយាល័យនយោបាយលេខាមជ្ឈិមបក្សឡាវ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

ជាមួយគ្នានេះ សម្តេចតេជោ ក៏ស្នើឲ្យពិនិត្យលទ្ធភាព លើសក្តានុពលផ្សេងទៀត ដែលប្រទេសទាំងពីរ អាចសហការគ្នាបានក្នុងន័យជំរុញ និងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យស្របទៅតាមអ្វីដែលថ្នាក់ដឹកនាំ បានលើកឡើងក្នុងកម្រិត ទំនាក់ទំនងដែលជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

សម្តេចក៏បានស្នើឲ្យធ្វើយ៉ាង ណាបង្កើនការវិនិយោគបន្ថែមទៀត។ ក្នុងនោះប្រទេសទាំងពីរ ក៏បានជំរុញនូវការអភិវឌ្ឍទៅលើវិស័យថាមពលអគ្គិសនីបន្ថែមទៀតនៅកម្ពុជា ជាពិសេសការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា ។

ចំណែកលោក ខាំផាន់ ភុំម៉ាថាត វិញបានថ្លែងដែរថា សម្រាប់ដំណើរទស្សនកិច្ចនេះ ដើម្បីជំរុញទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែ ស៊ីជម្រៅបន្ថែមទៀត ឲ្យស្របទៅតាមកម្រិតនៃទំនាក់ទំនង ជាពិសេសជំរុញការងារ ដែលបានចុះហត្ថលេខាជាមួយគ្នា កន្លងមកឲ្យមានដំណើរការទៅមុខ និងទទួលបាននូវភាពជោគជ័យផងដែរ ៕

To Top