ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញការវិនិយោគលើការដំឡើង ឧបករណ៍បញ្ចូល ថាមពលយានយន្តអគ្គិសនី ដើម្បីលើកទឹកចិត្តការប្រើប្រាស់ យានយន្តអគ្គិសនីកាន់តែច្រើនឡើង សំដៅចូលរួមកាត់បន្ថយការ បំភាយឧស្ម័នកាបូន ក្នុងធម្មជាតិនៅកម្ពុជា ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងសាធារណការឆ្នាំ២០២២ នាថ្ងៃ១៦ កុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «ជំរុញការរៀបចំ និងអនុម័តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់យានយន្តអគ្គិសនី (EV) តាមរយៈការបន្តបង្កើន កិច្ចសហការ ជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាពិសេសការវិនិយោគ លើការដំឡើងឧបករណ៍បញ្ចូល ថាមពលយានយន្តអគ្គិសនី ដើម្បីលើកទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនី សំដៅចូលរួមកាត់បន្ថយការ បំភាយឧស្ម័នកាបូន ក្នុងធម្មជាតិនៅកម្ពុជា»។
លើសពីនេះ លោកឧបនាយករដ្ឋមន្ដ្រី ស្នើក្រសួងសាធារណការ ជំរុញការអភិវឌ្ឍ លើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក, ផ្លូវសមុទ្រ និងការធ្វើអាជីវកម្ម កំពង់ផែឲ្យកាន់តែល្អប្រសើរឡើង តាមរយៈការពង្រឹង ការអនុវត្តប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិកកំពង់ផែ (Port EDI), ការបញ្ចប់គម្រោង វិនិយោគមជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងនានា ព្រមទាំងការពិចារណាពីរាជរដ្ឋាភិបាលកម្ពុជា លើលទ្ធផលនៃការសិក្សាសមិទ្ធលទ្ធភាព និងការសិក្សាលម្អិតគ្រប់ជ្រុងជ្រោយ នៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដែលជាគម្រោងប្រវត្តិសាស្រ្តដំបូង គេតភ្ជាប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេមេគង្គ និងទន្លេសាប ឆ្ពោះទៅកំពង់ផែ សមុទ្រដោយផ្ទាល់ ។
លោកបន្ថែមថា ក្រសួងសាធារការ ត្រូវធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពន្លឿនការរៀបចំច្បាប់ ស្តីពីការដឹកជញ្ជូនផ្លូវគោក , ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ , ច្បាប់ស្តីពីផ្លូវដែក , គោលនយោបាយ , យុទ្ធសាស្រ្ត និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធ សម្រាប់ការអនុវត្តច្បាប់ក្នុង វិស័យសាធារណការដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ៕