ព័ត៌មានជាតិ

ពលរដ្ឋ​នៅបុរីកីឡា ១២០០គ្រួសារ ទទួលបានបណ្ណកម្មសិទ្ធិនិងរួចការបង់ពន្ធប្រថាប់ត្រា ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ដូចអ្វីដែលជាការរំពឹងទុក ពេលនេះបានក្លាយជាការពិតហើយ ដោយប្រជាពលរដ្ឋរស់នៅ ក្នុងអគារបុរីកីឡា ប្រមាណ១២០០ គ្រួសារ ទទួលបានការដូរដ៏មានតម្លៃពីសម្តេចតេជោ ហ៊ុន សែន នោះគឺប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ជាមួយនឹងការលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ។

ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅ តាមអគារបុរីកីឡាទាំង ៨ អគារ” ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ក្នុងនោះ លោកឃួង ស្រេង បានលើកឡើងថា ត្រឹមតែរយៈពេល ១០ថ្ងៃប៉ុណ្ណោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យ នូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ស្របតាមខ្លឹមសារនៃលិខិតលេខ ១៦៥ សជណ.មយ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

លោកបន្តថា សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋ រស់នៅតាមអគារបុរីកីឡាទាំង ៨ អគារ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសិទ្ធិកាន់កាប់ ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹងស្ថិរភាពសង្គម។

លោកឃួង ស្រេង បន្តទៀតថា ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាការ រួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហា ផលប៉ះពាល់ជូនបងប្អូន ប្រជាពលរដ្ឋមូលដ្ឋាន ផ្អែកតាមគោលការណ៍ “សន្តិសហវិជ្ជមាន” និង ជាការធ្វើឲ្យមានភាពច្បាស់លាស់ រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិ សាធារណៈរបស់រដ្ឋ ដោយឈរលើមូលដ្ឋាន នយោបាយ “ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី ហើយកាន់តែពិសេសជាងនេះទៀតនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ក្នុង ដំណើរការចុះបញ្ជីកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១,២០០ គ្រួសារ នៃចំណែកអគារស្នាក់នៅរួមចំនួន ១.៣៩២ បន្ទប់ ក្នុងអគារ ទាំង ៨ នេះ ថែមទៀតផង។

ចំណែក​លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាក់ឱ្យដឹងថាប្រជាពលរដ្ឋរស់នៅក្នុងអគារសហកម្មសិទ្ធិបុរីកីឡាទាំង០៨អគារ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានក្តីរំភើបរីករាយក្រៃលែង ដោយទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នេះជាការខិតខំ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ លោកឃួង ស្រេង ជាពិសេស រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន៕

To Top