ព័ត៌មានអន្តរជាតិ

ទូតរុស្ស៊ីនៅអាមេរិក ប្រតិកម្មនឹងការគាំទ្ររបស់អាមេរិកឱ្យវាយប្រហារ លើតំបន់គ្រីមេ

បរទេស៖ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន បានអះអាងថា សហរដ្ឋអាមេរិកបានបញ្ជាក់ពីការចូលរួមដោយផ្ទាល់របស់ខ្លួននៅ ក្នុងជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Victoria Nuland បាននិយាយថា ទីតាំងយោធារុស្ស៊ីនៅគ្រីមៀគឺជា “គោលដៅស្របច្បាប់” សម្រាប់អ៊ុយក្រែន ហើយថាប្រទេសរបស់លោកស្រីកំពុង “គាំទ្រ” ការវាយប្រហារលើពួកគេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានទូតរុស្ស៊ីបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា លោកស្រី Nuland «បានទទួលស្គាល់ថា រដ្ឋបាល [Biden] កំពុងជំរុញមហិច្ឆិតាដើម្បីឱ្យទីក្រុងគៀវ វាយប្រហារប្រទេសរបស់យើង»។

ពាក្យសម្ដីរបស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ គឺជា “ការបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់រុស្ស៊ីដែលថា សហរដ្ឋអាមេរិកមានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះ” រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។

ទីក្រុងវ៉ាស៊ីនតោនមិនត្រឹមតែប្រើវោហាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងចាត់វិធានការជាក់ស្តែងដោយការផ្គត់ផ្គង់អាវុធទំនើបៗ និងផ្តល់ដំបូន្មានដល់មេដឹកនាំយោធាអ៊ុយក្រែន ដោយសេចក្តីថ្លែងការណ៍បានអានដោយបន្ថែមថា “តាមពិត ពួកគេមានគម្រោងប្រតិបត្តិការរួមគ្នា”៕

To Top