ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានឲ្យដឹងថា លោកខាងលិច ត្រូវតែផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន និងបង្កើនល្បឿននៃការចែកចាយរបស់ខ្លួន ។
លោក Borrell បានឲ្យដឹងនៅឯសន្និសិទសន្តិសុខទីក្រុង Munich កាលពីថ្ងៃអាទិត្យថា “កិច្ចការជាច្រើនទៀតត្រូវធ្វើ និងលឿនជាងមុន។ នៅមានរឿងជាច្រើនដែលត្រូវធ្វើ។ យើងត្រូវតែបង្កើន និងពន្លឿនការគាំទ្រខាងយោធារបស់យើង”។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច បង្កើនល្បឿន ជំនួយយោធា របស់ពួកគេ សម្រាប់អ៊ុយក្រែនដោយព្រមានអ្នកចូលរួមនៅក្នុងសន្និសីទកាលពីថ្ងៃសុក្រថា ការពន្យារពេលនឹងចូលទៅ ក្នុងដៃរបស់រុស្ស៊ីនៅពេលដែលការឈ្លានពានជិតដល់ខួបលើកទីមួយ។
លោក Borrell បានលើកឡើងថា លោកគាំទ្រសំណើរបស់អេស្តូនី សម្រាប់សហភាពអឺរ៉ុបក្នុងការទិញគ្រាប់រំសេវក្នុង នាមសមាជិករបស់ខ្លួន ដើម្បីជួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
លោក Borrell បានបន្ដថា “ខ្ញុំយល់ស្របទាំងស្រុងជាមួយនឹងសំណើរបស់នាយករដ្ឋមន្ត្រីអេស្តូនី ហើយយើង កំពុងធ្វើការលើវា ហើយវានឹងដំណើរការ” ។
គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនបានគ្របដណ្ដប់លើការពិភាក្សានៅក្នុងសន្និសីទក្រុង Munich ដែលជាការប្រមូលផ្តុំមន្ត្រីសន្តិសុខ និងការពារជាតិប្រចាំឆ្នាំមកពីជុំវិញពិភពលោក៕