ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Toyotaនៅក្នុងប្រទេសចិន ប្រមូលយានយន្តមកជួសជុលឡើងវិញ ប្រមាណជាង២២.០០០គ្រឿង

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមឃ្លាំមើលគុណភាព កំពូលរបស់ ប្រទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Toyota បានចាប់ផ្តើមប្រមូលរថយន្តដែលនាំចូល ពីទីផ្សារប្រទេសចិន ឡើងវិញដោយសារបញ្ហាសុវត្ថិភាព ។


រដ្ឋបាលទទួលបន្ទុកបទប្បញ្ញត្តិទីផ្សារបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា បានដាក់ការងារនេះដល់ក្រុមហ៊ុន Toyota Motor (China) Investment Co., Ltd. ។

រថយន្ត Lexus GS 250, GS 300, GS 350, GS 300h និង GS 450h បាននាំចូលសរុបចំនួន៩.៤៩៨គ្រឿង ដែលផលិត នៅចន្លោះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ។ រថយន្ត Lexus IS 250 និង IS 300 បាននាំចូលចំនួន១២.៥២៧គ្រឿង ដែលផលិតនៅចន្លោះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ។

រថយន្តម៉ូដែល Lexus RC 300 បាននាំចូលចំនួន៨៨៤គ្រឿង ដែលផលិតនៅចន្លោះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៨ ។ រថយន្តម៉ូដែល Lexus RC F នាំចូលចំនួន៥៦គ្រឿងដែលផលិតនៅចន្លោះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នឹងត្រូវប្រមូលមកវិញ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

គេបានដឹងថា សំបកបំពង់បង្ហូរធុងប្រេងអាចប្រេះដោយសារតែរូបរាងមិនត្រឹមត្រូវនៃផ្នែកខាងលើរបស់វា ហើយនាំឲ្យមានការលេចធ្លាយប្រេង ដែលនាំមកនូវគ្រោះថ្នាក់សុវត្ថិភាព និងគ្រោះថ្នាក់នៃការហូរចេញ មិនសមហេតុផលមួយនេះ ។

ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួននឹងជំនួសផ្នែកដែលខូចសម្រាប់រថយន្តដែលរងគ្រោះដោយមិនគិតថ្លៃ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top