ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សន្តិសុខ គឺជាសិទ្ធិរបស់បណ្តា ប្រទេសពិនានាលើភពលោក តែមិនមែនជាកម្មសិទ្ធផ្ដាច់មុខ របស់ប្រទេសមួយចំនួនទេ

ថ្ងៃទី២១ខែកុម្ភៈ ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ 《ឯកសារ ស្តីពីគំនិតផ្តួចផ្តើម សន្តិសុខសកល》។ នេះគឺជាឯកសារមួយច្បាប់ ដែលទទួលបាន ការយកចិត្តទុក ដាក់យ៉ាងខ្លាំងពីពិភពលោក ព្រោះថាវាបានបកស្រាយពីទស្សនៈស្នូលនៃគំនិតផ្តួចផ្តើមសន្តិសុខសកល ព្រមទាំងបានលើកឡើង នូវទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន២០ ដែលបានគ្រោង”ផែនទីបង្ហាញផ្លូវ” កាន់តែលម្អិត សម្រាប់ការអនុវត្ត គំនិតផ្តួចផ្តើមនេះ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហគមន៍អន្តរជាតិចាប់អារម្មណ៍ជាទូទៅថា ពិភពលោកកាន់តែមានភាពច្របូកច្របល់និងគ្មានសន្តិសុខ។ ជាពិសេស វិបត្តិអ៊ុយក្រែនដែលបានផ្ទុះឡើងនៅដើមឆ្នាំ២០២២ បានបណ្តាលឱ្យមានជនភៀសខ្លួនរាប់លាននាក់ត្រូវនិរាសព្រាត់ប្រាស់គ្មានទីជម្រក ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ស្បៀងអាហារនិងថាមពលពិភពលោកផងដែរ។

ឆ្លងតាមរយៈការប៉ះទង្គិចនិងវិបត្តិជាច្រើនលើក មនុស្សទាំងឡាយបានរកឃើញថា ក្បួនច្បាប់ដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ដូចជាកម្មវត្ថុគោលបំណង និង គោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មិនទទួលបាននូវការគាំពារ និងគោរពតាមប្រកប ដោយប្រសិទ្ធិភាព នោះឡើយ ។ ប្រទេសលោកខាងលិចមួយចំនួន ដោះស្រាយបញ្ហាសន្តិសុខ ដោយស្តង់ដារពីរ ហើយមើលរំលង ក្នុងរយៈពេលយូរនិងរំលោភបំពាន ជាប្រព័ន្ធនូវសន្តិសុខប្រទេសដទៃ ។ ប្រទេសខ្លះ ឃោសនាបំប៉ោង លើការធ្វើបដិបក្ខគ្នាជាក្រុម ហើយប្រើប្រាស់កម្លាំង អាវុធខុសទំនងឫគំរាមកំហែង ដោយកម្លាំងអាវុធតាមតែទំនើងចិត្ត ។

ទាក់ទិននឹងរោគសញ្ញាទាំងនេះ គំនិតផ្តួចផ្តើមសន្តិសុខសកលបានគូសបញ្ជាក់ថា “ប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខប្រកបដោយការរួមគ្នា ភាពចំរុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព” “ប្រកាន់ខ្ជាប់នូវការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនានា” “ប្រកាន់ខ្ជាប់នូវការគោរព កម្មវត្ថុនិង គោលការណ៍ នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ” “ប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់ ចំពោះកង្វល់ផ្នែកសន្តិសុខ ដ៏សមហេតុផល របស់ប្រទេសនានា” “ប្រកាន់ខ្ជាប់នូវការដោះស្រាយ ការវិវាទនិងការខ្វែងគំនិត រវាងប្រទេស និងប្រទេសដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងពិគ្រោះពិភាក្សាគ្នា” “ប្រកាន់ខ្ជាប់នូវការសម្របសម្រួលការ គាំពារសន្តិសុខ ក្នុងវិស័យប្រពៃណីនិងវិស័យមិនប្រពៃណី” ។”ការប្រកាន់ខ្ជាប់” ទាំង៦នេះ ផ្តោតសំខាន់ទៅលើផល ប្រយោជន៍រួម របស់មនុស្សជាតិទាំងមូល ដែលបានក្លាយទៅជាខ្លឹមសារស្នូល នៃគំនិតផ្តួចផ្តើមនេះ ។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត ជានិច្ចកាលប្រទេសចិនតែងតែថែរក្សាសន្តិសុខពិភពលោកយ៉ាងសកម្ម។ ឧទាហរណ៍ ភាគីចិនបានគូសបញ្ជាក់ក្នុង 《ឯកសារស្តីពីគំនិត ផ្តួចផ្តើម សន្តិសុខសកល》ថា នឹងគាំទ្រអង្គការសហប្រជាជាតិ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ការការប៉ះទង្គិច ជំរុញប្រទេសមហាអំណាច ឱ្យទទួលខុសត្រូវសំខាន់ពិសេស ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាប្រកាន់ខ្ជាប់នូវការ ថែរក្សាគំនិតឯកភាពរួមស្តីពី”សង្គ្រាមនុយគ្លេអ៊ែរមិនអាចឈ្នះ និងមិនអាចធ្វើទៅរួច” ។

សូមយកការឆ្លើយតបនឹងវិបត្តិអ៊ុយក្រែនជាឧទាហរណ៍ ក្នុង១ឆ្នាំកន្លងមកនេះ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ នូវភាពយុត្តិធម៌ជាប់រហូត ហើយជំរុញយ៉ាងសកម្ម ឱ្យបញ្ហានេះត្រូវបានដោះស្រាយតាមរយៈការចរចាសន្តិភាព។ ប៉ុន្តែផ្ទុយទៅវិញ ពេលថ្មីៗនេះ មេដឹកនាំអាមេរិកស្រាប់ តែធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ហើយបានប្រកាសថា ពួកគេនឹងផ្តល់ជំនួយ ជាទឹកប្រាក់ចំនួន៥រយលានដុល្លារ អាមេរិកបន្ថែមទៀតដល់អ៊ុយក្រែន។ ភាគីអាមេរិកធ្វើបែបនេះ គឺដាក់ដូចជាបន្តយកសាំងមកចាក់លើភ្លើង និងធ្វើឱ្យឱនភាពសន្តិសុខពិភពលោក កាន់តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់។

សន្តិសុខគឺជាសិទ្ធិរបស់បណ្តាប្រទេសនានា លើពិភពលោក តែមិនមែនជាកម្មសិទ្ធិផ្ដាច់មុខ របស់ប្រទេសមួយចំនួនទេ។ ដើម្បីធ្វើឱ្យពិភពលោក កាន់តែមានសន្តិសុខ ប្រទេសនានាសុទ្ធ តែត្រូវទទួលខុសត្រូវ ។ ភាគីចិនរំពឹងថាភាគីនានា នឹងរួមគ្នាចូលរួមក្នុងគំនិតផ្តួចផ្តើម សន្តិសុខសកលដើម្បីនាំមកនូវសន្តិភាព និងភាពសុខសាន្តត្រាន កាន់តែច្រើនដល់ពិភពលោក៕

To Top