ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងប្រភេទ SU-25 ចំនួន១គ្រឿងបានធ្លាក់ ខណៈពេលកំពុងវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានមូលដ្ឋានរបស់ខ្លួន នៅក្នុងតំបន់ Belgorod នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបញ្ចប់បេសកកម្មប្រយុទ្ធនៅអ៊ុយក្រែន ។
ក្រសួងបានឲ្យដឹងថា យន្តហោះបានធ្លាក់នៅតំបន់ស្ងាត់ជ្រងំ ដោយបានសម្លាប់អ្នកបើកយន្តហោះ និងមិនមានការខូចខាតនៅលើដីនោះទេ ។ ក្រសួងបានឲ្យដឹងទៀតថា ដំណើរការខុសបច្ចេកទេសបាននាំឱ្យមានឧបទ្ទវហេតុនេះកើតឡើង ។
នៅព្រឹកថ្ងៃដដែលនេះ លោក Vyacheslav Gladkov អភិបាលនៃតំបន់ Belgorod បានលើកឡើងនៅលើបណ្តាញ Telegram ថា យន្តហោះរបស់ក្រសួងការពារជាតិបានធ្លាក់នៅតំបន់ Valuysky នៃតំបន់ Belgorod ហើយក្រុមស៊ើបអង្កេតកំពុងធ្វើការនៅកន្លែងនោះ ។
កន្លងមកនេះ មានសេចក្តីរាយការណ៍មកថា អ្នកបើកយន្តហោះបានធ្លាក់ចេញពីយន្តហោះ ហើយបានរួចជីវិត នៅក្នុងតំបន់ Belgorod ស្ថិតនៅភាគនិរតីនៃប្រទេសរុស្ស៊ី ក្បែរប្រទេសអ៊ុយក្រែន ៕