ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ស៊ន ដារ៉ា កុំថាឡើយចង់ក្លាយជាបេក្ខជន នាយករដ្ឋមន្ត្រី សូម្បីតែជាសមាជិក គណបក្យប្រជាជន ក៏មិនបានផង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅនឹងលោក ស៊ន ដារ៉ា វិញថា កុំថា ឡើយចង់ក្លាយជាបេក្ខជន នាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្ស ក៏មិនបានផង ព្រោះ ស៊ន ដារ៉ា កំពុងមានរឿងនៅតុលាការ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បែបនេះក្រោយពី ស៊ន ដារ៉ា តាមរយៈវីដេអូបានលើកតម្កើង ខ្លួនឯងជាសត្វឥន្ទ្រី ហើយលើកយោបល់ បើកការចរចាជាមួយ សម្តេចតេជោ ដោយភ្ជាប់ មកជាមួយលក្ខខណ្ឌ៤ ក្នុងនោះ លក្ខខណ្ឌទី១ គឺខ្លួនត្រូវតែធ្វើជាបេក្ខជន នាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជន ទើបខ្លួនព្រមចូលរួម ជាមួយគណបក្សប្រជាជន។

តាមរយៈ គេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា «ភ្ញាក់ពីដេកមកឃើញ នាគទេព បញ្ជូនវីដេអូដែលស៊ន ដារ៉ា និយាយ។ ក្នុងការនិយាយនោះ ស៊ន ដារ៉ា បានបញ្ជាក់ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំ ដែលខ្ញុំ សូមអរគុណចំពោះប្អូនប្រុស ប្អូនស្រី ដែលជា ឪពុក ម្តាយ ស៊ន ដារ៉ា សម្រាប់ការគាំទ្រកន្លងមក»។

សម្ដេចតេជោ បញ្ជាក់ថា «អ្វីដែលគួរឲ្យហួសចិត្ត ស៊ន ដារ៉ា បានលើកជាយោបល់បើកការចរចាជាមួយសម្ដេច ដោយភ្ជាប់មកជាមួយលក្ខខណ្ឌ៤ ក្នុងនោះ លក្ខខណ្ឌទីមួយគឺ ស៊ន ដារ៉ា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនទើប ស៊ន ដារ៉ា ព្រមចូលរួមជាមួយគណបក្សប្រជាជន»។

សម្ដេចតេជោ បន្ដថា «ស៊ន ដារ៉ា បាននិយាយថា គាត់ជាសត្វឥន្ទ្រី ដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត ជាសត្វគីង្គក់។ នេះជាការប្រៀបធៀបបែបប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពត ឯព្រះបានបង្កើត ស៊ន ដារ៉ា មកដើម្បីបង្រ្កាប ហ៊ុន សែន»។
សម្ដេចតេជោ បន្ថែមថា «ពូសូមផ្តាំទៅក្មួយ ស៊ន ដារ៉ា វិញថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជន សូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជនក៏មិនបានផង ព្រោះក្មួយកំពុងមានរឿងនៅតុលាការ។ ក្មួយលើកខ្លួនឯងហួស ជ្រុលហើយ»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ឯពាក្យក្មួយថា ព្រះបង្កើតក្មួយមកដើម្បីបង្រ្កាប សម្ដេច តាមការគិតរបស់សម្ដេច អ្នកដែលបង្រ្កាបសម្ដេចបាន មកដល់ពេលនេះ មិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ សម្ដេច ថា ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យ តើក្មួយចេះខ្មាសអៀនទេ? នៅពេលនិយាយដល់រឿង
របៀបនេះ។

សម្ដេចតេជោ បានឱ្យដឹងទៀតថា ឈប់បាន ឈប់ទៅ ក្មួយអាណិតឪពុកម្តាយ ដែលខំដង្ហើយហៅកូន។ សព្វថ្ងៃក្មួយជួយខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រី ឬចង់មកបង្ក្រាប សម្ដេច គឺរឿងយល់សុបិនទាំងថ្ងៃ៕

To Top