ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានអាមេរិក ណាតូ និងកូនចៅអ៊ុយក្រែន ជុំវិញតំបន់ ដែលបំបែកចេញ ពីប្រទេសម៉ុលដាវី

បរទេស៖ ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បានបញ្ជាក់ថា រាល់សកម្មភាពរបស់អ៊ុយក្រែន ឬលោកខាងលិច ដែលបង្កការគំរាមកំហែង ដល់កងកម្លាំងរក្សា សន្តិភាពរុស្ស៊ី ឬជាតិសាសន៍របស់ខ្លួននៅក្នុងតំបន់ Transnistria ដែលដាច់ចេញពីប្រទេសម៉ុលដាវី នឹងត្រូវចាត់ទុកថាជាការវាយប្រហារ លើប្រទេសរុស្ស៊ី។ រុស្ស៊ីក៏បាន​ព្រមាន​ក្រុង​គៀវ និង​ក្រុម​អ្នក​គាំទ្រ​លោក​ខាង​លិច​ប្រឆាំង​នឹង​ការ​អនុវត្ត “ការ​បង្កហេតុ” នៅ​ទីនោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ អ្នកការទូតរុស្ស៊ីបានដកស្រង់ទិន្នន័យពីក្រសួងការពារជាតិរបស់ប្រទេសនេះ ហើយដែលអ៊ុយក្រែនគឺបានប្រមូលបុគ្គលិកយោធាយ៉ាងច្រើន ក៏ដូចជាផ្នែករឹង និងកាំភ្លើងធំនៅតាមព្រំដែនរបស់ខ្លួនជាមួយ Transnistria ។

ទាក់ទិននឹងបញ្ហានេះ ទីក្រុងមូស្គូបានព្រមាន “សហរដ្ឋអាមេរិក រដ្ឋសមាជិកណាតូ និងកូនចៅអ៊ុយក្រែនរបស់ពួកគេ ប្រឆាំងនឹងជំហានផ្សងព្រេងបន្ថែមទៀត” ។

សេចក្តីថ្លែងការណ៍បានសរសេរថា ខណៈពេលដែលរុស្ស៊ីពេញចិត្តនឹងវិធី “នយោបាយ-ការទូត” ក្នុងការដោះស្រាយបញ្ហា គឺ”គ្មាននរណាម្នាក់គួរមានការងឿងឆ្ងល់ ថាកងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងមានប្រតិកម្មត្រឹមត្រូវ ចំពោះការបង្កហេតុណាមួយ ដោយរបបក្រុងគៀវនោះទេ”។

ទីក្រុងមូស្គូបានសង្កត់ធ្ងន់ថា ខ្លួនប្តេជ្ញាការពារពលរដ្ឋរបស់ខ្លួន កងរក្សាសន្តិភាព និងបុគ្គលិកយោធាដែលឈរជើង នៅក្នុងតំបន់ដាច់ចេញពីប្រទេសម៉ុលដាវី៕

ប្រែសម្រួលៈ ណៃ តុលា

To Top