ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយឲ្យលោកឧត្តមសេនីយ៍ ផាន់ សុផល ឡើងជំនួសវិញ ។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ ២០២១ ជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យដែលចេញពី ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែនវិញ។
ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនោះដែរ ក៏បានសម្រេចឲ្យលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ពីស្នងការដ្ឋានគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ។
សូមរំលឹកថា ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិមួយរូប និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ៕
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-27_11-35-45.jpg)
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-27_11-35-47.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)