ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងបំពេញ​លក្ខខណ្ឌ​បន្ថែម​ របស់​សហភាព​អឺរ៉ុប សម្រាប់​ការ​ចរចា​ សមាជិកភាព​នៅ​ចុង​ឆ្នាំនេះ

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ថា អ៊ុយក្រែនត្រៀមខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ថែម របស់គណៈកម្មការអឺរ៉ុប ដើម្បីចាប់ផ្តើមកិច្ចចរចាសមាជិកភាព នៅចុងឆ្នាំនេះ ។

លោកស្រី Olha Stefanishyna ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន ទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិក បានឲ្យដឹងថា អ៊ុយក្រែន បានបញ្ចប់ការងារ ចាំបាច់រួចហើយលើអនុសាសន៍ចំនួន៧ ដែលត្រូវការសម្រាប់ សមាហរណកម្មកាន់តែជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុប។

លោកស្រី Stefanishyna បានលើកឡើងថា ជាពិសេសអ៊ុយក្រែន បានធ្វើឱ្យមានការវិវឌ្ឍន៍ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ និងកំណែទម្រង់ ប្រព័ន្ធផ្សព្វផ្សាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក​ស្រី​បាន​បន្ត​ថា ឥឡូវ​នេះ​យើង​កំពុង​រង់​ចាំ​ការ ​វាយ​តម្លៃ​របស់​គណៈកម្មការ​អឺរ៉ុប​ និង​អនុសាសន៍​បន្ថែម​ទៀត​របស់​វា​”។ នៅខែមិថុនា ឆ្នាំ២០២២ មេដឹកនាំសហភាពអឺរ៉ុប បានទទួលយកអ៊ុយក្រែនជាបេក្ខជន សម្រាប់សមាជិកភាពនៅក្នុងប្លុកនេះ។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវតម្រូវការចំនួន៧ ដែលត្រូវបំពេញដោយអ៊ុយក្រែន សម្រាប់ការចាប់ផ្តើមកិច្ចចរចា ចូលជាសមាជិក៕

To Top