កំពង់ចាម ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ ក្រើនរំលឹកដល់ស្ត្រី ត្រូវខិតខំកសាង សមត្ថភាពដោយខ្លួនឯង ក្នុងយុគសម័យឌីជីថល ដើម្បីពង្រឹងសមភាពយេនឌ័រ ។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-28_13-05-33-1024x775.jpg)
លោកស្រី កិត្តិសង្គហបណ្ឌិត បានលើកឡើងដូច្នេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ខួបទី១១២ និងបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ ២០២៣ របស់សាខាសមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នៅសាលាខេត្តកពង់ចាម ។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-28_13-05-45-1024x682.jpg)
លោកស្រីកិត្តិសង្គហបណ្ឌិត បន្តថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ សម្រាប់ប្រទេសកម្ពុជាយើង ទើបតែខួបលើកទី ៤៤ ឆ្នាំ ប៉ុណ្ណោះ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺក្នុងគោលបំណង បន្តរំលេចពីតម្លៃ ពីការចូលរួមរបស់ស្ត្រី ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ។ ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រីនិងបុរស នឹងចូលរួមដោយស្មើភាពនិងស្មើសិទ្ធ ជាមួយ ប្រជាពលរដ្ឋ នៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជាពិសេស នៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម ក្រោយ វិបត្តិកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍ ប្រកប ដោយ ចីរភាព។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-28_13-05-49-1024x562.jpg)
ដើម្បីឆ្លើយតបនឹងមូលបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយ សមភាពយេនឌ័រ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ច្រាបយេនឌ័រ ដែលជាកិច្ចការ អន្តរវិស័យក្នុងយុគសម័យឌីជីថល ដែលជាការងារ អន្តរវិស័យ ក្នុងការធានាបាននូវចីរភាព នៃសុខសន្តិភាព និងពន្លឿនល្បឿន នៃកិច្ចអភិវឌ្ឍជាតិ និងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-28_13-05-53-1024x607.jpg)
ក្នុងបរិការណ៍នេះ ការយកចិត្តទុកដាក់និងការពង្រឹង សមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបាន សមភាពនៅក្នុងគ្រប់ទិដ្ឋភាព និងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តសិទ្ធចូលរួមដោយស្មើភាពគ្នា ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងរស់ នៅក្នុងសង្គមដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខមាលភាព ៕
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-28_13-05-57-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)