បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ក្រុមហ៊ុនផលិតអាវុធរុស្ស៊ី បានសិក្សាយ៉ាងយកចិត្តទុកដាក់លើអាវុធរបស់លោកខាងលិច ដែលចាប់បានក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រើប្រាស់បទពិសោធន៍នេះ ដើម្បីជាប្រយោជន៍ដល់យោធារបស់ប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាលោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខបានចង្អុលបង្ហាញក្នុងអត្ថបទមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដី Natsyonalnaya Oborona (National Defense) កាលពីថ្ងៃសៅរ៍ថា «ឧស្សាហកម្មការពារជាតិរបស់ប្រទេសយើងកំពុងដំណើរការក្នុងលក្ខណៈមួយដែលគ្មានការផ្គត់ផ្គង់សព្វាវុធទ្រង់ទ្រាយធំរបស់លោកខាងលិច ទៅដល់សត្រូវរបស់យើង ដែលនឹងអាចធានាដល់ទីក្រុងគៀវ នូវអត្ថប្រយោជន៍នៅលើខ្សែទំនាក់ទំនងនោះឡើយ»។
ក្នុងអំឡុងពេលជម្លោះនៅអ៊ុយក្រែន ប្រទេសរុស្ស៊ីមិនត្រឹមតែអាចពង្រីកការផលិតផ្នែករឹងយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងណែនាំចេញនូវបច្ចេកវិទ្យាថ្មីៗ និងកែលម្អបច្ចេកវិទ្យាយោធាទាំងនោះ ថែមទៀតផង។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ បន្ថែមថា “និយាយអញ្ចឹង យើងក៏បានសិក្សាអាវុធរបស់សត្រូវ ដែលត្រូវបានចាប់យកក្នុងទម្រង់ជាជ័យភណ្ឌ ហើយត្រូវបានរុះរើដោយដុំៗនៅក្នុងការិយាល័យរចនាយោធារបស់យើង។ យើងបានរៀនពីអ្វីដែលមានប្រយោជន៍ជាច្រើនសម្រាប់ខ្លួនយើង ហើយបង្វែរបទពិសោធន៍របស់សត្រូវមកជាប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង»៕ប្រែសម្រួលៈ ណៃ តុលា