ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យអនុវត្តនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» (Visit Cambodia Year 2023) ក្រោមពាក្យស្លោក «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព» (Every Day Is A Wonder)។
យោងតាមសារាចរ របស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា «ដើម្បីបង្កើនការផ្សព្វផ្សាយ ទេសចរណ៍ និងលើកកម្ពស់កិត្តិនាម របស់ព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចដាក់ ឲ្យអនុវត្តនូវយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្រោមពាក្យស្លោក គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព (Every Day Is A Wonder)»។
យុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀប ចំឡើងក្នុងគោលបំណង លើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ» នៅលើទីផ្សារ ទេសចរណ៍ឲ្យកាន់តែខ្លាំងក្លា សំដៅទាក់ទាញភ្ញៀវទេសចរ អន្តរជាតិបានយ៉ាងតិច៤លាននាក់ និងភ្ញៀវទេសចរក្នុង ស្រុកឲ្យបានយ៉ាងតិច១៥លាននាក់ នៅឆ្នាំ២០២៣ និងការផ្សារភ្ជាប់ រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ក្រោយវិបត្តិ ជំងឺកូវីដ-១៩។
ដើម្បីឲ្យយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ រាជរដ្ឋាភិបាល ធ្វើការណែនាំ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយនឹង បណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី បណ្តាអង្គការជាតិ អន្តរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលកំពុងប្រតិបត្តិនៅលើវិស័យទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ ដោយផ្សារភ្ជាប់នឹងយុទ្ធនាការ កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ផ្តល់ភាពកក់ក្ដៅ ដោយរំលេចអំពីអត្តសញ្ញាណ នៃប្រទេសកម្ពុជា ដែលជាគោលដៅ ទេសចរណ៍ប្រមូលផ្ដុំដោយភាព ទាក់ទាញទេសចរណ៍ដ៏អស្ចារ្យ និងការទទួលស្វាគមន៍ដ៍កក់ក្តៅ ឈរលើសសរស្តម្ភសក្តានុពលទាំង៤៕