ព័ត៌មានអន្តរជាតិ

លោក ណារិនដ្រា ម៉ូឌី៖ អភិបាលកិច្ចសកល បានបរាជ័យ

ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានរិះគន់ស្ថាប័នពិភពលោក ចំពោះការខកខានក្នុងការ ដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុត របស់ពិភពលោក ដោយអំពាវនាវឱ្យប្រទេសនានា ស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាបែកបាក់។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសទាំង២០ (G20) នៅទីក្រុងញូវដែលីនៅថ្ងៃព្រហស្បតិ៍នេះ លោក ម៉ូឌី បានឲ្យដឹងថា បណ្តាប្រទេសនានាគួរតែទទួលស្គាល់ថា បច្ចុប្បន្នលទ្ធិពហុភាគីនិយម កំពុងស្ថិតក្នុងវិបត្តិ។

លោក ម៉ូឌី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានកត់ត្រាថា “បទពិសោធន៍នៃប៉ុន្មានឆ្នាំចុងក្រោយនេះ – វិបត្តិហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ភេរវកម្ម និងសង្រ្គាម – បង្ហាញយ៉ាងច្បាស់ថា អភិបាលកិច្ចសកលបានបរាជ័យ” ។

លោក ម៉ូឌី បានបន្ថែមថា “យើងមិនគួរអនុញ្ញាតឱ្យបញ្ហា ដែលយើងមិនអាចដោះស្រាយ ជាមួយគ្នាមកតាមរបៀប ដែលយើងអាចធ្វើបាននោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ឥណ្ឌា​កាន់​តំណែង​ជា​ប្រធាន G20 នៅ​ឆ្នាំ​នេះ ប៉ុន្តែទំនាក់ទំនងសន្តិសុខដ៏យូរអង្វែង របស់ទីក្រុងញូវដេលី ជាមួយទីក្រុងមូស្គូ បានធ្វើឱ្យម្ចាស់ផ្ទះនៃ កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ស្ថិតក្នុងស្ថានភាពឆ្គងមួយ។

គួរបញ្ជាក់ថា ឥណ្ឌា ដែលជាអ្នកទិញគ្រឿងសព្វាវុធ និងថាមពលដ៏ធំរបស់រុស្ស៊ី មិនបានថ្កោលទោសដោយផ្ទាល់ ចំពោះការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែននោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top