ភ្នំពេញ ៖ ដោយសង្កេតឃើញថា នៅដើមឆ្នាំ២០២៣នេះ បណ្ដារោងចក្រ សហគ្រាសនៅកម្ពុជា បានបន្ដព្យួរការងារ ដោយសារតែការបញ្ជាទិញធ្លាក់ចុះ ជាហេតុនាំឲ្យមាន ផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពចំណូល របស់កម្មករនិយោជិត លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានស្នើឲ្យរាជរដ្ឋាភិបាល កម្ពុជា ពិចារណាផ្ដល់មូល និធិជំនួយសង្គម ដ៏ដូចជាក្រសួងការងារ គប្បីចេញសេចក្ដីប្រកាស តម្រូវឲ្យនិយោជក ផ្ដល់ប្រាក់ព្យួរការងារដល់កម្មករនិយោជិត។
លោកបានលើកឡើងថា ដោយសារដើម ឆ្នាំ២០២៣នេះ ស្ថានភាពបញ្ជាទិញមានការធ្លាក់ចុះច្រើន ធ្វើឲ្យក្រុមហ៊ុនមួយចំនួន បានសម្រេចព្យួរកិច្ច សន្យាការងារកម្មករ និយោជិត ហើយការព្យួរការងារនេះ គឺក្រុមហ៊ុនភាគច្រើនពុំបានផ្តល់ប្រាក់ឧបត្ថម្ភ ដូចអំឡុងពេល នៃការរីករាលត្បាតជម្ងឺកូវីដ១៩ នោះទេ ។ បញ្ហានេះ លោកថា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព រស់នៅរបស់កម្មករ។
លោកបញ្ជាក់ថា “ដូច្នេះខ្ញុំសូមសំណូមពរដល់ប្រមុខរដ្ឋាភិបាលមេត្តាពិនិត្យលទ្ធភាព បន្តផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងស្នើសុំឲ្យក្រសួងការងារ ចេញសេចក្តីប្រកាស ឲ្យនិយោជក ផ្តល់ប្រាក់ឧបត្ថម្ភថ្លៃព្យួរកិច្ចសន្យាការងារ ជូនបងប្អូនកម្មករ ដូចគ្នា និងការអនុវត្តនាពេលកន្លងមក”។
លោកប៉ាវ ស៊ីណា យល់ឃើញថា បើទោះជារោងចក្រខ្លះព្យួការងារទាំងស្រុង ហើយរោងចក្រខ្លះទៀតព្យួរការងារដោយអន្លើក៏ដោយ ប៉ុន្ដែបានធ្វើឲ្យកម្មករនិយោជិត បាត់បង់ប្រាក់ចំណូលច្រើន ហើយការដែលមិនកំណត់ អំពីការផ្ដល់ប្រាក់ឧបត្ថមថ្លៃព្យួរការងារនេះ និយោជកខ្លះ ចេះតែលើកហេតុផលវិបត្ដិផ្សេងៗ ដែលធ្វើឲ្យការផ្ដល់កញ្ចប់ប្រាក់ឈ្នួលថ្លៃព្យួរការងារ មិនអាចឆ្លើយតបទៅនឹងការចំណាយរបស់កម្មករបាន។
មេសហជីពដដែលនេះ បញ្ជាក់ទៀតថា “មិនអាចឆ្លើយតបទៅនឹងការចំណាយរបស់កម្មករបានទេ សូម្បីតែការចំណាយថ្លៃ បន្ទប់ស្នាក់នៅមិនអាចគ្រប់គ្រាន់ផង ។ ដូច្នេះហើយ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំស្នើសុំដល់ប្រមុខរដ្ឋាភិបាល ពិចារណាពិនិត្យលទ្ធភាព ក្នុងការផ្ដល់ជូននូវជំនួយ សង្គមដល់កម្មករ ដែលព្យួរការងារ ដូចអ្វីដែលរដ្ឋាភិបាល និងក្រសួងការងារបានធ្វើឡើងនាពេលកន្លងមក” ៕
