គៀវ៖ សេវាសារព័ត៌មានរបស់លោក ហ្សេឡិនស្គីបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងសមភាគីឡាតវី ដែលកំពុងបំពេញទស្សនកិច្ចរបស់លោក គឺលោក Egils Levits បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ដែលបញ្ជាក់ពីការគាំទ្រ របស់ប្រទេសឡាតវី សម្រាប់ការធ្វើសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិករបស់អ៊ុយក្រែន។
ឯកសារនេះត្រូវបានគេសរសេរ ក្នុងអំឡុងពេលជំនួបរបស់ប្រធានាធិបតីទាំងពីរ នៅទីក្រុង Lviv ភាគខាងលិច ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅពេលថ្លែងបន្ទាប់ពីកិច្ចប្រជុំ លោក ហ្សេឡិនស្គី បានលើកឡើងពីសារៈសំខាន់ នៃសេចក្តីប្រកាសនេះ ហើយបានកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសឡាតវី ចំពោះបូរណភាពទឹកដី របស់អ៊ុយក្រែន និងចលនាឆ្ពោះទៅរកសមាជិកភាព ក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ។
សម្រាប់ផ្នែករបស់លោកវិញ លោក Levits បានកត់សម្គាល់ថាប្រទេសរបស់លោក នឹងបន្តការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន។ លោកបានថ្លែងថា “យើងនឹងផ្តល់ជំនួយឲ្យបានដរាបណាវាត្រូវការ”។
ភាគីនានាក៏បានពិភាក្សាអំពីវិធីពង្រឹងកងទ័ពអ៊ុយក្រែន ការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ការចូលរួមរបស់ឡាតវី ក្នុងការកសាងអ៊ុយក្រែនឡើងវិញ និងបញ្ហាផ្សេងៗទៀត៕ ប្រែសម្រួល ឈូក បូរ៉ា