ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ត្រូវបានជ្រើសរើសជាប្រធានាធិបតីចិន អាណត្ដិទី៣

ប៉េកាំង៖ មេដឹកនាំ​កំពូលចិនលោក ស៊ី ជីនពីង ត្រូវបាន​ជ្រើសរើស​សម្រាប់​អាណត្តិ​ទី​បី​រយៈពេល​ប្រាំ​ឆ្នាំ​ជា​ប្រធានាធិបតី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោក ស៊ី ជីនពីង បានទទួលសម្លេងជាឯកច្ឆ័ន្ទចំនួន ២៩៥២សំឡេងនៅថ្ងៃសុក្រនេះ ពីសភាប្រជាជនចិន ដែលសមាជិករបស់ពួកគេត្រូវបានតែងតាំងដោយបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច។

លោក ស៊ី ជីនពីង ដែលមានអាយុ ៦៩ឆ្នាំដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០១២ បានចាប់ផ្តើមអាណត្តិ ៥ឆ្នាំទីបីជាអគ្គលេខាធិការបក្សនៅក្នុងខែតុលា ដោយបំបែកជាមួយនឹងប្រពៃណីដែលមេដឹកនាំចិន បានប្រគល់អំណាចម្តងក្នុងមួយទសវត្សរ៍។ ការកំណត់រយៈពេលពីរអាណត្តិលើតំណែងប្រធានាធិបតីត្រូវបានលុបចេញពីរដ្ឋធម្មនុញ្ញចិនមុននេះ។

នៅក្រោមដំណើរការបោះឆ្នោតរបស់ប្រទេសចិន ប្រតិភូទៅសមាជបានដាក់សន្លឹកឆ្នោតចំនួនបួនទៅក្នុងប្រអប់ដាក់នៅជុំវិញសាលប្រជុំដ៏ធំនៃមហាសាលប្រជាជន។ លោក ស៊ី ជីនពីង ក៏ត្រូវបានតែងតាំងជាឯកច្ឆន្ទជាមេបញ្ជាការនៃកងទ័ពរំដោះប្រជាជនដែលមានសមាជិកពីរលាននាក់ផងដែរ។

នៅក្នុងការបោះឆ្នោតផ្សេងទៀត មន្ត្រីលំដាប់ទីបីរបស់គណបក្ស Zhao Leji ត្រូវបានតែងតាំងជាប្រធានសភាប្រជាជនជាតិ។ ភាគច្រើននៃការងារនីតិបញ្ញត្តិរបស់ស្ថាប័ន គឺដឹកនាំដោយគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ដែលប្រជុំពេញមួយឆ្នាំ។

លោក Zhao អាយុ ៦៧ឆ្នាំបានឈ្នះការទុកចិត្តរបស់លោក ស៊ី ជីនពីង ជាប្រធានក្រុមឃ្លាំមើលការប្រឆាំងអំពើពុករលួយរបស់គណបក្ស គណៈកម្មាធិការកណ្តាល សម្រាប់ការត្រួតពិនិត្យវិន័យ ដោយបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយ។

អតីតប្រធានគណបក្សសៀងហៃ និងជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយចុងក្រោយគឺលោក Han Zheng ត្រូវបានតែងតាំងជាអនុប្រធានាធិបតីនៃរដ្ឋ៕ប្រែសម្រួល ឈូក បូរ៉ា

To Top