បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយដ៏ធំមួយទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន គឺជាការសងសឹកចំពោះការវាយប្រហារភេរវកម្មរបស់ទីក្រុងគៀវ មកលើតំបន់ព្រំដែន Bryansk កាលពីដើមខែនេះ ដោយក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានបញ្ជាក់ថា ការវាយប្រហារនេះពាក់ព័ន្ធនឹង “អាវុធរយៈចម្ងាយឆ្ងាយ ផ្លូវអាកាស សមុទ្រ និងដីគោក រួមទាំងប្រព័ន្ធមីស៊ីលល្បឿនលឿន Kinzhal”។ ក្រោយមកទៀតមានចម្ងាយជាង ២ ០០០ គីឡូម៉ែត្រ។
សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងថា “ការវាយប្រហារសងសឹកដ៏ធំ” បានវាយប្រហារទៅលើធាតុផ្សំសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន បរិវេណឧស្សាហកម្មការពារជាតិ ក៏ដូចជាកន្លែងថាមពលដែលរួមចំណែកដល់ប្រតិបត្តិការរបស់ពួកគេ។ “បេសកកម្មត្រូវបានសម្រេចដោយគោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ។
ក្រសួងការពារជាតិរុស្ស៊ី បន្ថែមថា ការវាយប្រហារពីដែនអាកាសនេះ គឺបានបំផ្លាញមូលដ្ឋានយន្តហោះគ្មានមនុស្សបើកវាយប្រហារ និងរំខានដល់ការដឹកជញ្ជូនបម្រុង និងអាវុធបរទេស។ ការវាយប្រហារក៏បានបិទកន្លែងប្រើប្រាស់សម្រាប់ជួសជុលឧបករណ៍យោធា និងការផលិតគ្រាប់រំសេវផងដែរ៕ប្រែសម្រួលៈ ណៃ តុលា