ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចាប់ខ្លួនជនសង្ស័យជាង១០០នាក់ ករណីបំពុលសិស្សស្រីជាង ១ ០០០នាក់

បរទេស៖ ក្រសួងមហាផ្ទៃអ៊ីរ៉ង់ បានឱ្យដឹងថាកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរអ៊ីរ៉ង់បានចាប់ខ្លួនជនសង្ស័យជាង ១០០ នាក់ ពាក់ព័ន្ធនឹងករណីដាក់ថ្នាំពុល នៅសាលារៀនទូទាំងប្រទេសអ៊ីរ៉ង់។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវឱ្យមាន “ការដាក់ទណ្ឌកម្មជាអតិបរមា” ចំពោះជនល្មើស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការចាប់ខ្លួនបានធ្វើឡើងនៅក្នុងទីក្រុងតេអេរ៉ង់ និងខេត្តចំនួន១០ផ្សេងទៀត, នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន IRNA ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានអះអាងថា អ្នកដែលត្រូវបានចាប់ខ្លួនមួយចំនួនបានប្រើប្រាស់ “សារធាតុគ្មានគ្រោះថ្នាក់ និងមានក្លិនស្អុយ” ដើម្បីបង្កការភ័យស្លន់ស្លោ និងនាំឱ្យបិទសាលារៀន។ អ្នកផ្សេងទៀតដែលមាន “ហេតុផលអរិភាព” បានប្រើប្រាស់សារធាតុដែលមិនស្គាល់ដើម្បី “បង្កើតការភ័យខ្លាច និងភេរវកម្មក្នុងចំណោមសិស្ស បិទសាលារៀន និងបង្កើតភាពទុទិដ្ឋិនិយមចំពោះការបង្កើតអ៊ីស្លាម។

ក្រសួងបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតថាតើក្រុមចុងក្រោយនេះមានទំនាក់ទំនងអ្វីជាមួយអង្គការ Mujahedin Khalq ដែលជាក្រុមភេរវករដែលត្រូវបានចោទប្រកាន់ថាគាំទ្រដោយសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។

សូមជម្រាបថា ប្រទេសអ៊ីរ៉ង់ត្រូវបានញាំញីដោយការបំពុលដ៏អាថ៌កំបាំងមួយ “កម្រិតស្រាល” ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ដោយការវាយប្រហារជាក់ស្តែងបានកើតឡើងនៅសាលារៀនជាង ៥០ ។ ក្មេងស្រីសិស្សសាលាជាង ១ ០០០ នាក់បានរងផលប៉ះពាល់ ដែលបង្កឱ្យមានការតវ៉ាពីសំណាក់ឪពុកម្តាយ និងជំរុញឱ្យអ្នកខ្លះយកកូនរបស់ពួកគេចេញពីសាលារៀនទាំងអស់គ្នា៕

ប្រែសម្រួលៈ ណៃ តុលា

To Top