ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន អនុម័តលើគម្រោងខួងប្រេង និងឧស្ម័ន នៅរដ្ឋអាឡាស្កា

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក អនុម័តលើគម្រោងខួងយកប្រេង និងឧស្ម័នដ៏ធំមួយនៅរដ្ឋអាឡាស្កា ដែលករណីនេះប្រឈមមុខនឹងការប្រឆាំង យ៉ាងខ្លាំងពីសកម្មជនបរិស្ថាន ។
ក្រុមហ៊ុននៅពីក្រោយគម្រោង Willow គឺក្រុមហ៊ុន ConocoPhillips បានឲ្យដឹងថា ខ្លួននឹងបង្កើតការវិនិយោគក្នុងស្រុក និងការងាររាប់ពាន់នាក់ ។

ប៉ុន្តែសំណើដែលមានទឹកប្រាក់ ចំនួន៨ពាន់លានដុល្លារ បានប្រឈមមុខនឹងការកើនឡើង នៃសកម្មភាពតាមអ៊ីនធើរណេត នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាពិសេសក្នុងចំណោមសកម្មជន យុវជននៅលើបណ្តាញសង្គម TikTok ។

ក្រុមអ្នកប្រឆាំងបានលើកឡើងថា វាគួរតែត្រូវបានបញ្ឈប់ដោយសារផល ប៉ះពាល់អាកាសធាតុ និងសត្វព្រៃ ។

ស្ថិតនៅលើទីជម្រាលខាងជើង ដាច់ស្រយាលរបស់រដ្ឋអាឡាស្កា វាគឺជាការអភិវឌ្ឍន៍ប្រេងដ៏ធំបំផុត នៅក្នុងតំបន់អស់រយៈពេលជាច្រើនទសវត្សរ៍ ហើយអាចផលិតបានរហូតដល់១៨០.០០០បារ៉ែលក្នុង១ថ្ងៃ ។

យោងតាមការប៉ាន់ប្រមាណ របស់ការិយាល័យគ្រប់គ្រងដីធ្លី របស់សហរដ្ឋអាមេរិក នោះមានន័យថា វានឹងបង្កើតឧស្ម័ន CO2e ដល់ទៅ២៧៨លានតោន ក្នុងរយៈពេល៣០ឆ្នាំ ដែលស្មើ នឹងការបន្ថែម រថយន្តចំនួន២លានគ្រឿង ដែលបើកបរនៅលើផ្លូវថ្នល់ របស់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ៕

To Top