ព័ត៌មានជាតិ

សម្តេចតេជោ៖ ដល់រដូវសន្យារបស់គណបក្ស ខណៈបក្សខ្លះសន្យា ឲ្យមនុស្សចាស់២០ម៉ឺនរៀល និងខ្លះ២៥ ម៉ឺនរៀល ក្នុងមួយខែពេលគេជាប់ឆ្នោត

" "

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ដល់រដូវកាលធ្វើការសន្យា របស់គណបក្សនយោបាយហើយ ខណៈមានគណបក្ស នយោបាយខ្លះដាក់គោលនយោបាយ ផ្តល់ឲ្យមនុស្សចាស់២០ម៉ឺនរៀល និងបក្សខ្លះ២៥ម៉ឺនរៀល ក្នុងមួយខែ។

សម្តេចតេជោបានថ្លែង ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋផ្លាស់ប្តូរ ទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋាន សាងសង់ វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ថា តិចទៀតគេដើរឃោសនាបោះឆ្នោត ទៅដល់កន្លែងនេះថាបោះឆ្នោតឲ្យគេទៅ គឺនឹងធ្វើអញ្ចេះអញ្ចេះ ឥឡូវចាប់ផ្តើមដេញថ្លៃគ្នាហើយ។ គណបក្សមួយចំនួនគេ ថាឲ្យមនុស្សចាស់ប៉ុណ្ណេះ និងបក្សខ្លះគេសន្យាឲ្យប៉ុណ្ណោះ។

" "

សម្តេចបានបញ្ជាក់ថា «ឥឡូវនេះដូចជាមានគណបក្សនយោបាយ មួយបានចេញកម្មវិធីនយោបាយថាមនុស្សចាស់នឹងទទួលបាន២០ម៉ឺនរៀលក្នុងមួយខែ និងគណបក្សចំនួន២ទៀត គេចេញគោលនបោបាយ ថាឲ្យ២៥ម៉ឺនរៀល ពេលគេជាប់ឆ្នោត។ ចំពោះប្រាក់ខែអប្បរមាកម្មករវិញ មានគណបក្សមួយគេថា ឲ្យ២លាន រៀល និងគណបក្សនយោបាយមួយទៀត ២លាន៥០ម៉ឺន រៀល ពេលគេជាប់ឆ្នោត”

" "

សម្តេចបញ្ជាក់ថា «នៅកន្លែងនេះនឹងមានគណបក្សនយោបាយខ្លះ ដេញថ្លៃហើយ ព្រោះថាពេលនេះដល់ដំណាក់កាល ដេញថ្លៃហើយ។ ទៅចេញសន្យាទៅ ប៉ុន្តែគណបក្សរាជរដ្ឋាភិបាល មិនសន្យាទេ គឺមានតែធ្វើជាក់ស្តែងតែម្តង។ កន្លែងនេះពេលមុនវាលវែងនេះវៃគ្នាចង់ស្លាប់ ចង់រស់ហើយ តែអាលូវនេះទៅជាមាន ផ្លូវចាក់កៅស៊ូរដល់ទល់ដែន»

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា ចំពោះតម្លៃអគ្គិសនីនៅកម្ពុជា មិនឡើងថ្ងៃនោះទេ ខណៈនៅបណ្តាប្រទេសនានា គេនាំគ្នាឡើងថ្លៃ។ ប្រទេសជិតខាងពីមុនថោកជាង ប៉ុន្តែឥឡូវនេះគេចាប់ផ្តើមឡើងថ្លៃជាង តែកម្ពុជានៅតែរក្សាប៉ុណ្ណឹង ដោយផ្តោតសំខាន់លើប្រជាពលរដ្ឋក្នុងការធ្វើកសិកម្ម ។ ដូច្នេះ ផលប្រយោជន៍ដែលប្រជាជន ទទួលបានគឺបណ្ណក្រីក្រផងដែរ ។ ដោយក្នុងមួយខែរាជរដ្ឋាភិបាល បានចំណាយថវិការក្នុងរង្វង់ពី៤០លានដុល្លារ ទៅ៥០លានដុល្លារ។ កម្មវិធីអនុវត្តជាក់ស្តែង សម្រាប់ស្ត្រីក្រីក្រដែលមានផ្ទៃពោះដែរ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ប្រកាសចង់ ឲ្យតំបន់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ក្លាយជាតំបន់ ទេសចរណ៍ដ៏ទាក់ទាញនៅពេលខាងមុខ តាមរយៈការរៀបចំផ្លូវ ដោយក្រុមហ៊ុនអាចរៀបចំជារីស្សតជាដើម៕

To Top