ព័ត៌មានអន្តរជាតិ

ប្រទេស​ចិន និង​បណ្តា​ប្រទេស​អាស៊ាន ​ឯកភាព​គ្នា​លើ​គម្រោង ​សហប្រតិបត្តិការដែន​សមុទ្រ ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានយល់ព្រមអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការដែនសមុទ្រជាក់ស្តែង និងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង។

ការកត់សម្គាល់របស់លោក Wang បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមការងារចម្រុះអាស៊ាន-ចិនលើកទី៣៨ ស្តីពីការអនុវត្តសេចក្តីប្រកាស ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ដែលរៀបចំនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១០ ខែមីនា។

លោក Wang បានលើកឡើងថា ក្នុងកិច្ច ប្រជុំនោះ ប្រទេសចិន និង បណ្តាប្រទេសអាស៊ាន បានបន្តជំរុញការពិគ្រោះយោបល់ លើអត្ថបទ នៃក្រមប្រតិបត្តិនៅសមុទ្រចិន ខាងត្បូង (COC) និងមានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ លើការអនុវត្ត DOC និងការអនុវត្តជាក់ស្តែងលើកិច្ច សហប្រតិបត្តិការដែនសមុទ្រ។

លោកបានលើកឡើងថា “ភាគីទាំងអស់ បានយល់ព្រមអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើនក្នុងវិស័យដូចជា ការស្រាវជ្រាវវិទ្យា សាស្ត្រសមុទ្រ ការការពារបរិស្ថាន និងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ បង្កើនកិច្ចសន្ទនា និងទំនាក់ទំនង ធ្វើឱ្យស៊ីជម្រៅកិច្ច សហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង “។

លោក Wang បានបន្ថែមថា ភាគីនានា ក៏បានឈានដល់កិច្ចព្រមព្រៀងលើផែនការការងារសម្រាប់ឆ្នាំនេះ ហើយបានយល់ព្រមរៀបចំកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់ជាច្រើនជុំស្តីពីការអនុវត្ត DOC និងកិច្ចប្រជុំក្រុមការងាររួមនៃ DOC ក្នុងឆ្នាំនេះ និងនាំមកនូវវឌ្ឍនភាពកាន់តែច្រើន នៅក្នុងការពិគ្រោះយោបល់ COC ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top