ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបថា មានក្រុមហ៊ុនឯកជនមួយ ទទួលការអនុញ្ញាតឲ្យសិក្សា គម្រោងផ្លូវល្បឿនលឿនពី ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។
ក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រង បរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃ២០ មីនា លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងថា «មានក្រុមហ៊ុនឯកជនមួយ បានទទួលការអនុញ្ញាតឲ្យ សិក្សាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត ផងដែរ»។
លោកទេសរដ្ឋមន្ដ្រីបន្ដថា ទាំងអស់នេះ គឺជាលទ្ធផលកើតចេញពីសុខសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ដែលធ្វើឲ្យសុខុមាលភាពក្នុងការរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរ ហើយអត្រាអាយុសង្ឃឹម រស់ក៏មានការកើនឡើងដែរ។