ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូលអាមេរិក ព្រមានពិភពលោក កុំឲ្យចាញ់បោករុស្ស៊ី និងចិន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានសហគមន៍អន្តរជាតិ កុំឱ្យមានការភ័ន្តច្រឡំ ដោយរុស្ស៊ី និងចិន ជុំវិញសង្គ្រាមអ៊ុយក្រែន ខណៈដែលប្រធានាធិបតីចិន ស៊ី ជីនពីង បានចាប់ផ្តើមដំណើរទស្សនកិច្ច ផ្លូវរដ្ឋដ៏ល្បីនៅទីក្រុងមូស្គូ ។

លោក Blinken បានលើកឡើងថា ផែនការណាមួយ សម្រាប់ការបញ្ចប់សង្រ្គាម ត្រូវតែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ស្របតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ ។ អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិករូបនេះបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែង ដែលខ្វះការផ្តល់ជូនបែបនេះ គឺគ្រាន់តែស្វែងរកការលើកកម្ពស់ “លទ្ធផលដ៏អយុត្តិធម៌” ប៉ុណ្ណោះ។

ភ្លាមៗបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្វាគមន៍លោក ស៊ី ជីនពីង យ៉ាងកក់ក្តៅថា “ពិភពលោកមិនគួរត្រូវបានបោក បញ្ឆោតដោយចលនាយុទ្ធសាស្ត្រណាមួយ ដោយរុស្ស៊ី ដែលគាំទ្រ ដោយប្រទេសចិន ឬប្រទេសណាមួយផ្សេងទៀត ដើម្បីបង្កកសង្រ្គាមដោយខ្លួនឯងនោះទេ” ។

លោក Blinken ក៏បានគូស បញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក ស៊ី ទៅកាន់រដ្ឋធានីរុស្ស៊ី ដែលធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីការចេញដីកាចាប់ខ្លួនលោក ពូទីន ដោយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ បង្ហាញសញ្ញាថាទីក្រុងប៉េកាំង មានអារម្មណ៍ថាគ្មានការ ទទួលខុសត្រូវក្នុងការឲ្យវិមានក្រឹមឡាំង ទទួលខុសត្រូវ ចំពោះអំពើឃោរឃៅ ដែលបានប្រព្រឹត្តនៅក្នុង ប្រទេសអ៊ុយក្រែន”។

ការ​អត្ថាធិប្បាយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃដិន បាន​លើក​ឡើង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​ដែល​លោក ស៊ី បង្ហាញ​ខ្លួន​ជា​ឈ្មួញកណ្តាល​សន្តិភាព និង​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។

លោក Blinken បានបន្ថែមថា សំណើបែបនេះដែលធ្វើឡើងដោយប្រទេសចិន កាលពីខែមុននឹងមិនមែនជា “ដំណោះស្រាយយូរអង្វែង” នោះទេ។ លោកបានអះអាងថា វានឹងអាចឱ្យលោក ពូទីន ស្តារឡើងវិញនូវយោធារុស្ស៊ី ហើយ “បន្ទាប់មកចាប់ផ្តើមសង្រ្គាមឡើងវិញ នៅពេលមានអត្ថប្រយោជន៍ជាង” សម្រាប់ប្រទេសរបស់លោក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top