ព័ត៌មានជាតិ

ពិធីកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្គដ្ឋបូរី នឹងត្រូវធ្វើឡើង​ យ៉ាងអធឹកអធម

ភ្នំពេញ៖ ពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្គដ្ឋបូរី នឹងត្រូវធ្វើឡើង ក្នុងរយៈពេល៣យប់៤ថ្ងៃ ពោលគឺចាប់ផ្តើមពីថ្ងៃ២២-២៤ មេសា ឆ្នាំ២០២៣ខាងមុខនេះ ខណៈពិធីបុណ្យនេះ ត្រូវធ្វើឡើងដោយអធឹកអធម ជាមួយនឹងការរក្សា សន្តិសុខសណ្តាប់ធ្នាប់ ល្អប្រសើរបំផុត។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំ ពិធីបុណ្យកាត់ឬសសីមា ព្រះវិហារ វត្តព្រះបារមីវង្គដ្ឋបូរី ដែលមានទីតាំងក្នុងសង្កាត់ទឹកថ្លាខណណ្ឌសែនសុខ នាព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងថា វត្តព្រះបារមីវង្គដ្ឋបូរី ជាទីអារាមមួយ ដែលបានតំកល់ធាតុមាតា បិតារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។ ក្រោមគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទីវត្តនេះនឹងត្រូវធ្វើពិធីបុណ្យកាត់ឬសសីមាព្រះវិហារដ៏ធំមួយ ដោយចាប់ផ្តើមពីថ្ងៃ២២-២៤ មេសា ពោលគឺថ្ងៃ២៤មេសា ជាថ្ងៃកាត់ឬសីមាដែលនឹងគ្រោង ធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

នាយឧត្តមសេនីយ៍បញ្ជាក់ថា ពិធីបុណ្យនេះ ត្រូវធ្វើឡើងឲ្យធំនិងខ្ពង់ខ្ពស់ត្រដែត ទាំងការនិមន្តព្រះសង្ឃ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំទីធ្លា អនាម័យបរិស្ថាន និងសោភណ្ឌភាព ឲ្យសមទៅនឹងការគោរពស្រលាញ់របស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះមាតា បិតា តំកល់ធាតុនៅវត្តនេះ។

ជាមួយគ្នានោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដែរពីការកសាងព្រះវិហារ នៃវត្តព្រះបារមីវង្គដ្ឋបូរី ដោយព្រះវិហារវត្តនេះ ត្រូវបានកសាងឡើងវិញ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ហើយបានបញ្ចប់នៅក្នុងឆ្នាំ២០២២ ចំណាយថវិកាអស់ប្រមាណជាង១លានដុល្លារ ។ នេះមិនបានគិតបញ្ចូលពីការចំណាយ លើការកសាងសមិទ្ធផលនានា នៅក្នុងបរិវេណវត្តនេះទេ ។

លោក ឃួង ស្រេង បន្តថា ក្នុងពិធីបុណ្យ៣យប់៤ថ្ងៃនេះ ជាគម្រោងនឹងរៀបចំ ក្រុមសិល្បៈកំសាន្តជាច្រើនក្រុម ដើម្បីសម្តែងជូនទស្សនជន បានមើលកំសាន្តផងដែរ ដែលមានទាំងក្រុមល្ខោនបាសាក់ ,ចាប៉ីដងវែង ,អាយ៉ៃឆ្លើយឆ្លងនិងការប្រគំតន្ត្រីជាដើម ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះរង់ចាំការសម្រេចពីគណៈកម្មាធិការបុណ្យជាតិជាមុនសិន។

គួរបញ្ជាក់ថា ដើម្បីឲ្យដំណើរការ នៃការរៀបចំពិធីបុណ្យដ៏ធំនេះដំណើរការដោយរលូន កាលពីសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរដែនដី ចុះពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្តព្រះបារមីវង្គដ្ឋបូរីនេះផងដែរ ដើម្បីត្រៀមរៀបចំ ឲ្យបានប្រសើរឡើង ដោយគិតគូទាំងសណ្តាប់ធ្នាប់ របៀបរៀបរយនិងបរិស្ថាន ទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម មានន័យថា នៅពេលកម្មវិធីចាប់ផ្តើម អ្វីៗ បានត្រៀមរៀបចំរួចជាស្រេច៕

To Top