ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសការដាក់ទណ្ឌកម្មពីអង់គ្លេស និងអឺរ៉ុប ដោយប្តេជ្ញាឆ្លើយតបយ៉ាង ណាឲ្យស្មើភាពគ្នាវិញ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្កោលទោសទង្វើ “ដដែលៗ” របស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក្នុងការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយប្តេជ្ញាថា ទីក្រុងតេអេរ៉ង់ នឹងឆ្លើយតប “តាមសមាមាត្រ”វិញ ។

ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយសមភាគី បែលហ្សិកលោកស្រី Hadja Lahbib កាលពីយប់ថ្ងៃច័ន្ទ ដែលក្នុងនោះភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាផលប្រយោជន៍រួម រួមទាំងទំនាក់ទំនងទ្វេភាគីផងដែរ ។

លោក Amir-Abdollahian បានលើកឡើងថា ភាគីអឺរ៉ុបមួយចំនួនបានចោទ ប្រកាន់អ្នកផ្សេងទៀតពីបទ “ប្រព្រឹត្តអំពើហឹង្សា” ខណៈដែលពួកគេមានកំណត់ត្រា “ងងឹត” នៃអាកប្បកិរិយាស្តង់ដារទ្វេរ ដងឆ្ពោះទៅរក និងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។

លោកបានកត់សម្គាល់ថា ទោះបីជាអាទិភាព នៃគោលនយោបាយការបរទេស របស់អ៊ីរ៉ង់ ផ្អែកលើកិច្ចសហប្រតិបត្តិការជាមួយពិភពលោកក៏ដោយ “ការប្រឈមមុខដាក់គ្នា និងទណ្ឌកម្ម” ណាមួយនឹងទទួលបានការឆ្លើយតប “សមាមាត្រ” ពីទីក្រុងតេអេរ៉ង់។

ដោយឡែក លោកស្រី Lahbib បានគូសបញ្ជាក់ពីភាពចាំបាច់នៃការដកចេញនូវឧបសគ្គចំពោះទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសហភាពអឺរ៉ុប តាមរយៈកិច្ចសន្ទនា ហើយលោកស្រី ក៏បានច្រានចោលការទទួលយកវិធីសាស្រ្តស្តង់ដារទ្វេផងដែរ។

កាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សាអឺរ៉ុបបានដាក់ទណ្ឌកម្មលើបុគ្គលអ៊ីរ៉ង់ចំនួន ៨រូប និងអង្គភាពមួយដោយចោទប្រកាន់ពួកគេមួយចំនួនពីបទរំលោភសិទ្ធិមនុស្ស ខណៈកំពុងចាត់វិធានការបន្ទាន់ប្រឆាំងនឹងការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់។ អង់គ្លេស ក៏បាន​លើក​ឡើង​ពី​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ បាន​ដាក់​ទណ្ឌកម្ម​សមាជិក ៧ នាក់​នៃ​កងឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់។

ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីកញ្ញា Mahsa Amini អាយុ ២២ ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្មានថ្ងៃបន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់របស់នាងនៅស្ថានីយ៍ប៉ូលីស។ អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀតថា “ញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករ” នៅក្នុងប្រទេសរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top