ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកទឹកចិត្តឲ្យមានការវិនិយោគ និងធ្វើអាជីវកម្មដែលមិនមែន ជាការបើកអាជីវកម្ម ដើម្បីធ្វើជាខែល និងបិទបាំងសម្រាប់សកម្មភាពខុសច្បាប់ ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ។
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ នាថ្ងៃ២៣ មីនា សម្ដេច ស ខេង មានប្រសាសន៍ថា «យើងលើកទឹកចិត្តឲ្យមានការវិនិយោគ និងធ្វើអាជីវកម្ម ប៉ុន្ដែមិនមែនបើកអាជីវកម្ម ដើម្បីខែល និងបិទបាំងដើម្បីឲ្យសកម្មភាពខុសច្បាប់ ការជួញដូរមនុស្ស ការរំលោភសិទ្ធិមនុស្ស ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ»។
ជាមួយគ្នានោះ សម្ដេច ក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជនទាំងអស់ អនុវត្តត្រឹមត្រូវតាមច្បាប់ជាធរមានរបស់កម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស។ សម្ដេចគូសបញ្ជាក់ថា ការបង្រ្កាប និងទប់ស្កាត់អំពើជួញដូរមនុស្សនេះ បើពុំមានការជួយសហការគ្នាពីភាគីពាក់ព័ន្ធ បណ្តាក្រុមហ៊ុនឯកជនទេ គឺមិនអាចទទួលបានលទ្ធផលល្អប្រសើនោះទេ ដូច្នេះករណីនេះត្រូវតែខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឲ្យកម្ពុជា មានឈ្មោះជាប្រទេសត្រូវបានគេយកធ្វើជាជម្រក នៃការជួញដូរមនុស្ស។
ឆ្លៀតឱកាសនោះ សម្ដេច ស ខេង បានលើកឡើងថា នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងសកម្មយ៉ាងខ្លាំងក្នុងការទប់ស្កាត់ បង្រ្កាបអំពើជួញដូរមនុស្ស ហើយយុទ្ធនាការនេះទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ បានជាច្រើននាក់ផងដែរ ៕