ព័ត៌មានអន្តរជាតិ

មូលដ្ឋានយោធា អាមេរិក ចំនួន២នៅស៊ីរី រងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត

បរទេស ៖ ទូរទស្សន៍ Al Mayadeen ដែលមានមូលដ្ឋាននៅលីបង់ បានរាយការណ៍ថា មូលដ្ឋានទ័ពអាមេរិក នៅតំបន់ប្រេង al-Omar និង Koniko នៅភាគឦសាននៃខេត្ត Deir ez-Zor ប្រទេសស៊ីរី បានរងការបាញ់គ្រាប់រ៉ុក្កែត កាលពីយប់ថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភព​បាន​និយាយ​ថា គ្រាប់​រ៉ុក្កែត​៨គ្រាប់​ត្រូវ​បាន​បាញ់​ទៅលើមូលដ្ឋាន Koniko ។ មន្ត្រីអាមេរិកដែលមិនស្គាល់ អត្តសញ្ញាណម្នាក់បានប្រាប់ Al-Jazeera ថា សមាជិកសេវាកម្មអាមេរិកម្នាក់ បានរងរបួសបន្ទាប់ពីមាន ការវាយប្រហារនៅ Deir ez-Zor ។ គេ​បាន​កត់​សម្គាល់​ផង​ដែរ​ថា កង​ការពារ​ដែន ​អាកាស​អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ពីរ​គ្រឿង​ ក្នុង​ចំណោម​យន្តហោះ​គ្មាន ​មនុស្ស​បើក​បី​គ្រឿង​ ដែល​ប្រើ​ក្នុង​ការ​វាយ​ប្រហារ ។

នៅព្រឹកថ្ងៃសុក្រ ទីបញ្ជាការកណ្តាលរបស់អាមេរិក (CENTCOM) បាននិយាយថា គ្រាប់រ៉ុក្កែតចំនួន ១០ គ្រាប់បានវាយប្រហារទៅលើកងកម្លាំងចម្រុះ នៅឯបរិវេណ Mission Support Site Green Village ភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃទី ២៤ ខែមីនា ។ មិនមានបុគ្គលិក ឬសមាជិកក្រុមចម្រុះណាម្នាក់ រងរបួសនៅក្នុងការ វាយប្រហារនោះទេ ហើយសម្ភារៈ និងបរិក្ខារនៅតែមិន មានការខូចខាត។

យោងតាម CENTCOM បានឱ្យដឹងថា គ្រាប់រ៉ុក្កែតមួយក្នុងចំណោមគ្រាប់រ៉ុក្កែតច្រើនគ្រាប់ ដែលបាញ់ខុសគោលដៅក្នុងបរិវេណជិតប្រាំគីឡូម៉ែត្រ បានវាយប្រហារ និងបំផ្លាញផ្ទះជនស៊ីវិល បណ្តាលឱ្យមានរបួសស្ត្រី ២នាក់ និងកុមារ ២នាក់ ៕

To Top