ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់ ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញសេ្ទម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក នៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM-សេ្ទម) តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឱ្យជ្រើសរើសសិក្សាមុខជំនាញសេ្ទម។

នាឱកាសអញ្ជើញបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM-សេ្ទម) តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យជ្រើសរើសសិក្សាមុខជំនាញសេ្ទម ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលនៅគ្រប់កម្រិតការអនុវត្តនូវយុទ្ធសាស្រ្តទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍ និងការបង្កើតមូលនិធិស្រាវជ្រាវជាតិ សម្រាប់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»។

សម្ដេចតេជោ បន្ដថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវរៀបចំក្របខ័ណ្ឌគតិយុត្ត ជាពិសេសការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវតាមវិស័យអាទិភាព ដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិឱ្យឆ្លើយតបបាន ពេញលេញទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជា ការប្រែប្រួលនៃនិន្នាការតំបន់ និងសកល ។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលជំរុញការលើកទឹកចិត្តឱ្យបង្កើន និងពង្រឹងកិច្ចសហការរវាងវិស័យសាធារណៈ វិស័យឯកជន វិស័យអប់រំ និងដៃគូអភិវឌ្ឍក្នុងការលើកកម្ពស់ប្រព័ន្ធនវានុវត្តន៍កម្ពុជា។ សម្តេច បានលើកទឹកចិត្តខ្ពស់ដល់គ្រឹះស្ថានឧត្តមសិក្សា បន្តបង្កើតមជ្ឈមណ្ឌលគាំទ្រនវធុរកិច្ច និងធុរកិច្ចថ្មីសំដៅរួមចំណែកដល់ការលើកកម្ពស់សហគ្រិនភាព និងនវធុរកិច្ចនៅកម្ពុជា។ ជាងនេះទៅទៀត សម្តេច បានលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិចូលរួមផ្តល់គ្រាប់ពូជមូលធនដល់សហគ្រិន និងនវធុរជន តាមរយៈការដើរតួនាទីជាវិនិយោគិនគ្រាប់ពូជ និងការបង្កើតមូលនិធិទុនឯកជន និងមូលនិធិបណ្តាក់ទុនជាដើម៕

To Top