ព័ត៌មានជាតិ

លោក ឌិត ទីណា សង្ឃឹមថា អតីតបុគ្គលិក VOD ១១រូប ចូលបម្រើការនៅក្រសួងកសិកម្ម នឹងជួយឲ្យវិស័យនេះ កាន់តែរឹងមាំ

ភ្នំពេញ ៖ អតីតបុគ្គលិកវិទ្យុ VOD ចំនួន១១រូប ដែលស្ម័គ្រចិត្ត ដាក់ពាក្យចូលបម្រើការងារ នៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បើកឱកាសឲ្យនោះ ត្រូវបានលោក ឌិត ទីណា ជារដ្ឋមន្រ្តីសង្ឃឹមថា វត្តមានរបស់ពួកគាត់ទាំង១១រូបនេះ នឹងជួយឲ្យវិស័យកសិកម្មកាន់តែរឹងមាំ និងខ្លាំងក្លាបន្ថែមទៀត។

ក្រៅពីបង្ហាញក្តីសង្ឃឹមបែបនេះហើយ លោក ឌិត ទីណាក៏បានសង្ឃឹមថា តាមរយៈចំណេះជំនាញរបស់អ្នកទាំង១១រូប នឹងអាចដើរលើមាគ៌ារួមមួយ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី ឌិត ទីណានេះ បានធ្វើឡើងក្នុងឱកាសជួបប្រជុំជាមួយអតីតក្រុមអ្នកព័ត៌មានទាំង១១រូបនាព្រឹកថ្ងៃ២៩ មីនា នាទីស្តីការក្រសួង។

តាមរយៈជំនួបដ៏កម្រនេះ លោក ឌិត ទីណាថា “សូមស្វាគមន៍ អតីតបុគ្គលិកនៃស្ថាប័នសារព័ត៌មាន VOD ទាំង១១រូប ដែលនឹងចូលមកបម្រើការងារ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលដ៏ឆាប់ខាងមុខ ។ ខ្ញុំសង្ឃឹមថា តាមរយៈចំណេះជំនាញរបស់អ្នកទាំង១១រូប យើងនឹងអាចដើរលើមាគ៌ារួមមួយ ដើម្បីជួយវិស័យកសិកម្ម របស់យើងឲ្យកាន់តែរឹងមាំ និងខ្លាំងក្លា” ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នក ចុះហត្ថលេខាជំនួស សម្តេចតេជោក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។ ក្រោយការបិទសម្តេចតេជោ បានផ្តល់ឱកាសឲ្យបុគ្គលិក ទាំងអស់សរុបប្រមាណជា៥០នាក់ ដាក់ពាក្យចូលបម្រើការងារនៅតាមក្រសួងនានា ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងអ្វីឡើយ ហើយដល់ថ្ងៃឱសានវាទ នាថ្ងៃ២៨ កុម្ភៈ ក៏មានបុគ្គលិក២៥នាក់ បានដាក់ពាក្យតាមការប្រកាស ហើយមកទល់ពេលនេះ ពួកគាត់ក៏បានចូលធ្វើការនៅតាមក្រសួងនានាអស់ហើយ ៕

To Top