បរទេស ៖ ប្រភពមួយបានប្រាប់ Sputnik កាលពីថ្ងៃពុធថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានទទួលរថក្រោះជាច្រើនរយគ្រឿង ដែលទើបផលិតថ្មីៗ ភាគច្រើនជា T-90M Proryv សម្រាប់ប្រើប្រាស់នៅក្នុងតំបន់ប្រតិបត្តិការយោធា ពិសេសក្នុងប្រទេសអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងផ្អែក តាមប្រភពដែលបាននិយាយថា “រហូតមកដល់បច្ចុប្បន្ន ឧស្សាហកម្មការពារជាតិរុស្ស៊ី បានបញ្ជូនរថក្រោះថ្មីៗជាច្រើនរយគ្រឿង ទៅកាន់តំបន់ប្រយុទ្ធ ។ រថក្រោះទាំងនេះភាគច្រើនជារថក្រោះប្រភេទ T-90M Proryv ក៏ដូចជារថក្រោះ T-72B3M ទំនើបកម្មយ៉ាងស៊ីជម្រៅ” ។
ប្រភពបានបន្ថែមថា “បើនិយាយពីលក្ខណៈបច្ចេកទេស និងយុទ្ធសាស្ត្រ រួមទាំងអាវុធ ប្រព័ន្ធគ្រប់គ្រងភ្លើង ការការពារ ការចល័ត និងការយល់ដឹងពីស្ថានភាព រថក្រោះទាំងនេះយ៉ាងហោចណាស់ នៅកម្រិតនៃយានយន្តបរទេសទំនើបបំផុត”។
ប្រភពដដែលបន្ថែមថា ជាមួយគ្នានេះ យើងអាចនិយាយ ដោយទំនុកចិត្តថា T-90M និង T-72B3M មានភាពអស្ចារ្យទាំងស្រុងទាក់ទង នឹងលក្ខណៈប្រយុទ្ធ ចំពោះរថក្រោះទាំងនោះ ដែលកងទ័ពអ៊ុយក្រែនមាន ឬនឹងទទួលបានក្នុងពេលដ៏ខ្លីខាងមុខនេះពីប្រទេសណាតូ។
លើសពីនេះ រថក្រោះ T-90M និង T-72B3M ត្រូវបាន បំពាក់ដោយពាសដែកប្រតិកម្មបន្ថែម ដែលការពារឧបករណ៍ប្រឆាំង នឹងអាវុធប្រឆាំងរថក្រោះ ពីស្ទើរតែគ្រប់ជ្រុងទាំងអស់៕