ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ ប្រព័ន្ធទឹកកខ្វក់ ត្រូវបានលើកយកមក ពិនិត្យពិភាក្សា ដើម្បីពន្លឿននីតិវិធី

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបន្តពិនិត្យពិភាក្សា និងឆ្លងខ្លឹមសារ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដោយច្របាច់បញ្ចូលគ្នា រវាងសេចក្តីព្រាងច្បាប់ ដែលតាក់តែងដោយក្រុមការងារជំនាញរបស់ក្រសួង និងសេចក្តីព្រាងច្បាប់ដែលសិក្សាដោយ JICA សំដៅឲ្យមានអត្ថន័យ គ្រប់ជ្រុងជ្រោយ បង្ការនូវកង្វះខាតត្រង់ចំណុចសំខាន់ៗដែលគួរមាន ដើម្បីធានាដល់ការ អភិវឌ្ឍការគ្រប់គ្រង ទឹកកខ្វក់ឲ្យកាន់ តែមានភាពប្រសើរឡើង ព្រមទាំងអាចផ្តល់ឧត្តមប្រយោជន៍ជារួម ស្របទៅតាមការរីកចម្រើន របស់សង្គមជាតិ និងកំណើនប្រជាជនផងដែរ ។

លោកទេសរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ គ្រប់រូប ដែលបានខិតខំប្រែងប្រែង សិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំតាក់តែង សេចក្តីព្រាងច្បាប់នេះឡើង។

លោកទេសរដ្ឋមន្ដ្រី ក៏បានណែនាំក្រុមការងារបច្ចេកទេស ធ្វើបច្ចុប្បន្នភាពឯកសារនេះ ទៅតាមស្មារតីអង្គប្រជុំ និងបន្តនីតិវិធីជំហានបន្ទាប់ ក្នុងការដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិនិត្យ មុននឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីប្រជុំអនុម័ត៕

To Top