ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទាមទារ​ឱ្យលោក​ខាង​លិច កាត់​ប្រាក់​ចំណេញ ​កើតពីសង្គ្រាម ​មកឱ្យខ្លួន

បរទេស៖ រដ្ឋមន្ត្រីក្រសួងថាមពល អ៊ុយក្រែន លោក German Galushchenko បាននិយាយកាលពីថ្ងៃពុធ ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានPolitico ថា ក្រុមហ៊ុនប្រេងធំៗ បានទទួលប្រាក់ចំណេញ ជាលទ្ធផលនៃជម្លោះ ក្នុងប្រទេសអ៊ុយក្រែន គួរតែចំណាយប្រាក់ខ្លះ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលហែកហួរដោយសង្រ្គាម របស់ប្រទេសអ៊ុយក្រែន ឡើងវិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមលោក Galushchenko អ្នកជំនាញផ្នែកប្រេង និងឧស្ម័ន បានបង្កើតប្រាក់ចំនេញច្រើនជាង ២០០ ពាន់លានដុល្លារ ដោយសារការប្រែប្រួលតម្លៃថាមពលពិភពលោក ហើយគួរតែផ្ទេរមូលនិធិមួយចំនួនមកឱ្យអ៊ុយក្រែន។

ទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់លើរុស្ស៊ីកាលពីឆ្នាំមុន ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យតម្លៃថាមពលកើនឡើង។

ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនប្រេងធំ Shell, BP, Exxon Mobil, Chevron, និង TotalEnergies បានប្រកាសប្រាក់ចំណេញរួមគ្នាចំនួន ១៩៦,៣ ពាន់លានដុល្លារ ដែលជាសញ្ញាសម្គាល់កម្រិតខ្ពស់គ្រប់ពេលវេលាសម្រាប់ឧស្សាហកម្មនេះ។

លោក Galushchenko បាននិយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Brussels ថា “ខ្ញុំ​គិត​ថា វា​នឹង​យុត្តិធម៌​ក្នុង​ការ​ចែក​ប្រាក់​នេះ​ជាមួយ​អ៊ុយក្រែន។ ខ្ញុំមានន័យថា ដើម្បីជួយយើងក្នុងការស្តារ កសាងវិស័យថាមពលឡើងវិញ” ដោយលោកបន្ថែមថា ប្រាក់ចំណេញដែលបានកត់ត្រាត្រូវបានសម្រេច គឺបានសុទ្ធសាធដោយសារតែជម្លោះនៅក្នុងប្រទេសរបស់គាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top