ព័ត៌មានអន្តរជាតិ

Update៖ ក្រុមអ្នកវិភាគយល់ឃើញថា ការរំលាយគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ធ្វើឲ្យផែនការបោះឆ្នោត របស់យោធាស្ថិតក្រោមការ ត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុត

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា ការរំលាយគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សប្រឆាំងជាច្រើនរបស់មីយ៉ាន់ម៉ា ធ្វើឱ្យផែនការបោះឆ្នោតរបស់របបយោធា ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំង ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យ ការបោះឆ្នោតនាពេលខាងមុខ ដែលរដ្ឋាភិបាលយោធាមិនទាន់ បានកំណត់កាលបរិច្ឆេទសម្រាប់ ហើយលទ្ធផលរបស់ពួកគេទំនងជាមិនសូវ ត្រូវបានទទួលយកដោយប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិភាគច្រើន ។

ក្រុមអ្នកវិភាគបានបញ្ជាក់ឲ្យដឹងទៀតថា នេះត្រូវបានគេរំពឹងថា នឹងញុះញង់ឱ្យមានភាពចលាចល និងអំពើហឹង្សាបន្ថែមទៀតនៅក្នុង ប្រទេសក្រីក្របំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលរយៈពេលជាង២ឆ្នាំចូលទៅក្នុង វិបត្តិបង្ហូរឈាមបន្ទាប់ពីរដ្ឋប្រហារយោធា ដែលបានជម្លៀសប្រជាជនជាង១លាននាក់ ។

គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសមីយ៉ាន់ម៉ា ដែលរៀបចំដោយមន្ត្រីយោធា កាលពីថ្ងៃអង្គារ បានប្រកាសថា គណបក្ស NLD និងគណបក្សនយោបាយចំនួន ៣៩ផ្សេងទៀតនឹងត្រូវរំលាយ បន្ទាប់ពីមិនបានគោរពតាមកាលកំណត់ ក្នុងការចុះឈ្មោះឡើងវិញ ក្រោមច្បាប់បោះឆ្នោតថ្មីដែលរឹតបន្តឹង ។

ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ច្បាប់ថ្មីនេះបម្រើដើម្បីពង្រីកការ ក្តាប់អំណាចរបស់កងទ័ព ដោយសារតែភាគីនានានឹង ត្រូវបានបង្ខំឱ្យអនុវត្តតាម ឬត្រូវបានរំលាយនៅក្រោម “ការក្លែងបន្លំនៃការសម្រេចចិត្តផ្លូវច្បាប់” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top