ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីកោះតៃវ៉ាន់៖ ប្រទេសចិន និងកោះតៃវ៉ាន់ ត្រូវតែធ្វើអ្វីតាមដែលអាចធ្វើទៅបានដើម្បីបញ្ចៀសសង្គ្រាមកើតឡើង

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថា លោក Ma Ying-jeou បានអតីតប្រធានាធិបតីកោះតៃវ៉ាន់ បានប្រាប់ដល់មន្ត្រីជាន់ខ្ពស់ចិន កាលពីថ្ងៃព្រហស្បតិ៍ថា កោះតៃវ៉ាន់ និងប្រទេសចិន ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសសង្គ្រាម ហើយវាជាទំនួលខុសត្រូវរបស់មេដឹកនាំភាគីទាំង២ក្នុងការធានាបានសុខសន្តិភាព ។

គួររំលឹកថា លោក Ma បានមកដល់ប្រទេសចិន កាលពីថ្ងៃចន្ទ ជាលើកទី១ដែលអតីតប្រធានាធិបតីកោះតៃវ៉ាន់ ឬកំពុងធ្វើទស្សនកិច្ចប្រទេសនេះ ចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិន ដោយបានភៀសខ្លួនទៅកោះតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលកុម្មុយនិស្ត ម៉ៅ សេទុង ។

ជួបជាមួយលោក Song Tao ប្រធានការិយាល័យកិច្ចការកោះតៃវ៉ាន់ប្រចាំនៅប្រទេសចិន នៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន លោក Ma បានថ្លែងថា ការរក្សាបាននូវការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថិរភាពនៃទំនាក់ទំនងគឺជា “ទិដ្ឋភាពទូទៅនៃសង្គមរបស់កោះតៃវ៉ាន់” ។

លោក Ma បានថ្លែងថា វាគឺជាទំនួលខុសត្រូវទូទៅរបស់ “ប្រទេស” ទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងការខិតខំគ្រប់ឱកាសដែលអំណោយផលដល់ការលើកកម្ពស់សន្តិភាព នេះបើតាមការដកស្រង់ការអត្ថាធិប្បាយរបស់គាត់ដែលផ្តល់ដោយការិយាល័យរបស់ Ma នៅក្រុងតៃប៉ិ ។

លោកបានសង្កត់ធ្ងន់ថា “ភាគីទាំង២ត្រូវតែរក្សាការផ្លាស់ប្តូរ សហប្រតិបត្តិការជាមួយគ្នា និងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសសង្គ្រាម និងជម្លោះ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top